ដោយៈ សហសេវិក
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ នៅរសៀលថ្ងៃអង្គារ៍នេះ បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។
លោកបន្តថា ក្នុងករណីដែលមិនអាចក្តាប់ព័ត៌មាន បានគ្រប់ជ្រុងជ្រោយ សូមសាកសួរព័ត៌មាន ទៅអ្នកនាំពាក្យរបស់ស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ ដើម្បីចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មាន ដែលធ្វើអោយសាធារណជនមានការភ័ន្តច្រឡំ។
-->
ការអំពាវនាវរបស់លោក បានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ថ្មីៗនេះពាក់ព័ន្ធនឹងអ្នកកាសែត ផាត់ ហ៊ន ហៅ ពូ ហន បានទទួលស្គាល់ជាសាធារណៈនូវកំហុសរបស់ខ្លួន ក្នុងការរាយការណ៍ ជាពិសេសការប្រើប្រាស់ភាសា បង្ខូចកេរ្តិ៍ឈ្មោះស្ថាប័នតុលាការ ផ្សាយព័ត៌មាន និងធ្វើអត្ថាធិប្បាយព័ត៌មាន ដោយប្រើប្រាស់ពាក្យសំដីមិនសមរម្យ។ ជេរប្រមាថចំពោះស្ថាប័នតុលាការ ព្រមទាំងបានផ្សាយព័ត៌មានមិនពិត ដែលបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសនៃស្ថាប័នតុលាការខេត្តកំពង់ចាម។
នៅថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានទទួលសំបុត្រពីលោកផាត់ ហ៊ន ហៅ ពូ ហន ដែលបានសម្តែងការសោកស្តាយបំផុតចំពោះទង្វើរបស់គាត់។

លោក នេត្រ ភក្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួលកិច្ចសន្ទនា ជាមួយលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងថ្នាក់ដឹកនាំវិស័យយុត្តិធម៌ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយ សមស្របបញ្ចប់ករណីនេះ ដោយស្រុះស្រួលគ្នាក្រៅប្រព័ន្ធតុលាការ។
ជាលទ្ធផល បណ្ដឹងប្រឆាំងនឹងលោក ផាត់ ហ៊ន ត្រូវបានដកចេញដោយបើកផ្លូវសម្រាប់ការផ្សះផ្សា ដើម្បីលើកកម្ពស់កិច្ចសហការល្អរវាងស្ថាប័នតុលាការ និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន។
រដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ បានបង្ហាញដោយសង្កត់ធ្ងន់ថា “ខ្ញុំសូមអរគុណចំពោះឯកឧត្តម ប្រធានសាលាដំបូងខេត្តកំពង់ចាម ដែលមានការយោគយល់ខ្ពស់ យល់ព្រមដកពាក្យបណ្តឹងរបស់ខ្លួនវិញ”។
លោក កើត រិទ្ធ បានលើកឡើងនូវពាក្យស្លោក “ក្រោយភ្លៀង មេឃស្រឡះ” ជាពាក្យប្រៀបធៀប សម្រាប់ភាពច្បាស់លាស់នៃទំនាក់ទំនងជាមួយអ្នកសារព័ត៌មានជាមួយវិស័យយុត្តិធម៌។
លោកបានជំរុញឱ្យអ្នកសារព័ត៌មាន អនុវត្តន៍ការផ្សព្វផ្សាយព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលលោកហៅថា “ជាយន្តគាថាការពារខ្លួនដ៏សក្តិសិទ្ធិតាមផ្លូវច្បាប់”។
ជាងនេះទៅទៀត លោក កើត រិទ្ធ បានដល់អំពាវនាវដល់អ្នកនាំពាក្យនៃស្ថាប័នអយ្យការ និង តុលាការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការផ្តល់ព័ត៌មានចាំបាច់នានា ក្នុងក្របខ័ណ្ឌនៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈក្នុងស្ថាប័ន ការមិនធ្វើអោយប៉ះពាល់ដល់ជីវិតឯកជននៃបុគ្គលក្នុងសំណុំរឿង និងការគោរពគោលការណ៍សំងាត់នៃចំណាត់ការនីតិវិធីរបស់តុលាការ ដែលត្រូវបានការពារដោយច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕
