ដោយ: គង់ លាងហួរ
អន្តរជាតិ: កាលពីពេលថ្មីៗនេះ ប្រទេសវៀតណាមបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់រថភ្លើងក្រោមដីជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោមជំនួយឧបត្ថម្ភពីប្រទេសជប៉ុន។
ប្រជាជនវៀតណាមរស់នៅទីក្រុងហូជីមិញបានសម្រុកចូលទៅអង្គុយនៅក្នុងទូររថភ្លើង ដើម្បីចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រថភ្លើងក្រោមដី ដែលមានតម្លៃទុនវិនិយោគចំនួន១.៧០០លានដុល្លារមួយខ្សែនេះ។
ផ្លូវរថភ្លើងក្រោមដីនេះមានចម្ងាយជិត២០គីឡូម៉ែត្រ និងមានចំណុចចាប់ផ្ដើមចេញពីចំណុចកណ្ដាលនៃទីក្រុងហូជីមិញ។ យ៉ាងណាមិញ មុននឹងឈានដល់ការសម្រេចបានសមិទ្ធផលនេះ ប្រទេសវៀតណាមត្រូវរង់ចាំអស់រយៈពេល១៧ឆ្នាំ និងត្រូវពន្យារពេលការដ្ឋានសាងសង់ជាច្រើនដង។ គម្រោងនេះត្រូវបានចាប់ផ្ដើមសិក្សាលទ្ធភាពដំបូងកាលពីឆ្នាំ២០០៧។
-->

ដើមឡើយ ភាគីជប៉ុនបានប៉ាន់ប្រមាណថា គម្រោងនេះចំណាយទុនវិនិយោគត្រឹមតែ៦៦៨លានដុល្លារប៉ុណ្ណោះ។ ក្រោយមក នៅពេលការដ្ឋានសាងសង់បានចាប់ផ្ដើមនៅឆ្នាំ២០១២ អាជ្ញាធរវៀតណាមរំពឹងថា គម្រោងនេះនឹងសាងសង់រួចរាល់នៅក្នុងរយៈពេល៥ឆ្នាំ។
ប៉ុន្តែ ដោយសារតែប្រឈមមុខនឹងការពន្យារពេលជាច្រើនដង គម្រោងនេះបានធ្វើឱ្យយានជំនិះរបស់អ្នកដំណើរនៅទីក្រុងហូជីមិញកើនឡើងទ្វេរដង និងបង្កឱ្យមានការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង ដែលមានប្រជាជនរស់នៅចំនួន៩លាននាក់មួយនេះ។

អាជ្ញាធរសង្ឃឹមថា រថភ្លើងក្រោមដីនេះនឹងជួយសម្រួលការធ្វើដំណើរបានច្រើនណាស់ដូចជា កាត់បន្ថយការកកស្ទះចរាចរណ៍ ពន្លឿនការធ្វើដំណើររបស់ប្រជាជន និងកាត់បន្ថយការបំពុលបរិស្ថាន។ ប្រទេសជប៉ុនបានផ្ដល់ជំនួយសម្រាប់គម្រោងនេះ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមហ៊ុនឯកជនរបស់ជប៉ុន។

មន្ត្រីរដ្ឋាភិបាលវៀតណាមមួយរូបបានលើកឡើងថា ផ្លូវរថភ្លើងមួយខ្សែនេះជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបង្ហាញឱ្យឃើញពីការចែករំលែកបច្ចេកវិទ្យា និងការចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងផ្លូវដែករបស់ជប៉ុនទៅកាន់វៀតណាម៕ប្រភព: Japan Times៕
