អ្នកអភិវឌ្ឍន៍ត្រូវការពេលវេលាជិត៦ឆ្នាំដើម្បីលក់ខុនដូនៅសេសសល់ចេញអស់ពីទីផ្សារលំនៅដ្ឋានក្នុងទីក្រុងម៉ានីល

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានអះអាងថា ការងើបឡើងវិញដោយសន្សឹមៗ ការច្នៃប្រឌិត និងភាពធន់ត្រូវបានរំពឹងថា នឹងកំណត់ទិដ្ឋភាពនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសហ្វីលីពីននៅក្នុងឆ្នាំ២០២៥ខាងមុខ។

ជាមួយគ្នានេះ បណ្តាអ្នកអភិវឌ្ឍន៍នឹងបន្តបំពេញតម្រូវការរបស់អតិថិជន ដែលមានការប្រែប្រួល ដោយងាកទៅកាន់ការអភិវឌ្ឍន៍នៅតំបន់ជាយក្រុង ខណៈកំណើននៃចំនួនខុនដូ ដែលលក់មិនដាច់នៅទីក្រុងម៉ានីល នឹងធ្វើឱ្យអ្នកអភិវឌ្ឍន៍មានការស្ទាក់ស្ទើរចិត្តក្នុងការបើកដំណើរការគម្រោងថ្មី។

លោក Richard Raymundo
នាយកគ្រប់គ្រងក្រុមហ៊ុន Colliers Philippines អះអាងថា “គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ ខុនដូ ដែលលក់មិនដាច់មានចំនួន៧៥.៣០០យូនីត។ការណ៍នេះកំពុងធ្វើឱ្យបណ្តាអ្នកអភិវឌ្ឍន៍ប្រកាន់ជំហរប្រុងប្រយ័ត្ន ក្នុងការបើកដំណើរការគម្រោងខុនដូថ្មីនៅក្នុងតំបន់រដ្ឋធានីម៉ានីល”។

លោក Richard Raymundo បានបង្ហាញការជឿជាក់ថា បណ្តាអ្នកអភិវឌ្ឍន៍នឹងត្រូវចំណាយពេលវេលាជិត៦ឆ្នាំ ដើម្បីលក់ខុនដូទាំងអស់នេះចេញឱ្យអស់ពីទីផ្សារ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មានហ្វីលីពីន Inquirer.Net។

អ្នកអភិវឌ្ឍន៍ក៏នឹងបន្តធ្វើពិពិធកម្មទៅកាន់តំបន់ជាយក្រុង តាមរយៈការវិនិយោគលើគម្រោងអភិវឌ្ឍន៍ជាច្រើន ដូចជាផ្ទះ និងដីឡូតិ៍នៅតំបន់ Calabarzon តំបន់ Central Luzon តំបន់ Central Visayas តំបន់ Western Visayas និងតំបន់ Davao។

គម្រោងផ្ទះ និងដីឡូតិ៍ (House &Lot) នៅក្នុងតំបន់ទាំងនេះសម្រេចបានការកើនឡើងនៃតម្លៃប្រចាំឆ្នាំជាមធ្យមចន្លោះពី៤ភាគរយទៅ៧ភាគរយចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ខណៈការអភិវឌ្ឍន៍ដីឡូតិ៍សម្រេចបានការហក់ឡើងថ្លៃចន្លោះពី៧ភាគរយទៅ១៥ភាគរយភាគរយក្នុងមួយឆ្នាំ។

លោក Richard បានបន្ថែមថា តម្រូវការលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងទីក្រុងនានា ដូចជាទីក្រុង Pampanga ទីក្រុង Cebu និងទីក្រុង Davao នឹងកើនឡើង ដោយសារកំណើននៃប្រជាជនវណ្ណៈកណ្តាល និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ហើយអ្នកអភិវឌ្ឍន៍គួរតែផ្តល់អាទិភាពដល់គម្រោងដែលមាននិរន្តរភាព និងតម្លៃសមរម្យ៕ប្រភព:Inquirer.Net៕

LEAVE A REPLY

Please enter your comment!
Please enter your name here