ដោយៈ គង់ សូរិយា
ខេត្តសៀមរាបៈ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៥ ធ្នូនេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១,៤០៩គ្រួសារ ដែលនៅរស់នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
ពិធីសំណេះសំណាលដ៏កក់ក្ដៅខាងលើនេះ បានធ្វើឡើងនៅក្នុងបរិវេណផ្សារធម្មជាតិរុនតាឯក ក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។
-->

មុនចាប់ផ្ដើមអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំសហការីបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្ដធម្មជាតិរុនតាមឯកតេជោសែន ដើម្បីជាផ្នែកមួយជួយសម្រាល នូវភាពខ្វះខាតរបស់ព្រះសង្ឃផងដែរ។ វត្ដអារាមខាងលើនេះ គឺស្ថិតនៅក្បែរទីតាំងសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ងាយរងគ្រោះទាំងជាង១ពាន់គ្រួសារនេះ។

ការគោរពប្រតិបត្ដិការយ៉ាងខ្ជាប់ខ្ជួន នៅក្នុងវិស័យព្រះពុទ្ធសាសនានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មិនដែលរំលងនោះឡើយ ទោះអញ្ជើញទៅកាន់ទីតាំង ឬតំបន់ណាក៏ដោយ សម្ដេចតែងតែដឹកនាំកូនចៅ សហការីទាំងអស់ រួមទាំងប្រតិភូអមដំណើរគ្រប់លំដាប់ថ្នាក់ ចូលគោរពប្រតិបត្ដិជាប់និច្ច ដែលសកម្មភាពដ៏បវររបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានជាគំរូដ៏ល្អៗតដល់កូនចៅគ្រប់ៗរូប និងគ្រប់ជំនាន់តរៀងទៅ។

ក្នុងឱកាសដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី រួមទាំងប្រតិភូ បូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ រួចហើយ អ្នកម្ដាយមនុស្សធម៌ក៏មិនភ្លេចធ្វើទានផងដែរ ដោយបានជូននូវក្រណាត់ស និងថវិកាមួយចំនួន ដល់តាអាចារ្យ លោកតា លោកយាយជី ក្នុងវត្ដអារាមនេះ។

បន្ទាប់មកសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានធ្វើដំណើរអញ្ជើញមកសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ងាយរងគ្រោះជាង១ពាន់គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបាន អង្ករ៣០ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា១ដប ស្ករស២គីឡូក្រាម ម្សៅសាប៊ូ១ថង់ ភេសជ្ជៈបាកាស១ថង់ ឃីតមួយដែលមានសារុង ក្រមា មុង ភួយ រួមទាំងថវិកាចំនួន២ម៉ឺនរៀល។

ក្នុងនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានផ្ដល់អំណោយសម្រាលការលំបាក ជូនដល់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន រួមទាំងផ្ដល់នូវសៀវភៅសម្រាប់សិក្សា ប៊ិច និងថវិកាចំនួន ១ម៉ឺនរៀលដល់សិស្សានុសិស្ស៧៥៦១នាក់ ដែលកំពុងសិក្សានៅសាលាទាំងពីរខាងលើនេះ។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានពាំនាំព្រះរាជបណ្ដាំសួរសុខទុក្ខ និងក្ដីស្រលា ញ់នឹករលឹក របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវីររាជមាតាជាតិខ្មែរ ដល់ប្រជានុរាស្ដ្ររបស់ព្រះវីររាជមាតាជាតិខ្មែរផងដែរ។
បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិង ប៊ុន រ៉ានី ហ៊ុនសែន បានបន្ដដំណើរជួបសំណេះសំណាល និងនាំយកអំណោយចែកជូនអ្នកជំងឺចំនួន២៥នាក់ ដែលបានមកទទួលសេវាថែរទាំ ពិនិត្យព្យាបាល នៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯកផងដែរ៕