រដ្ឋបាលរាជធានីបើកដំណើរការបណ្តោះអាសន្នស្ពានអាកាសមរតកតេជោជាន់ទី១ចាប់ពីព្រឹកថ្ងៃទី២៥ខែធ្នូនេះ

0

ដោយៈ គង់ សូរិយា

​     ភ្នំពេញៈ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្ពានអាកាសមរតកតេជោ ជាន់ទី១ ចាប់ ពីព្រឹកថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ ២០២៤នេះ បានបើកឱ្យដំណើរការបណ្តោះអាសន្នទាំងស្រុងហើយ។

លោកស្រីបន្តថា ការបើកឱ្យធ្វើចរាចរស្ពានអាកាសជាន់ទី១ជាបណ្ដោះអាសន្នទាំងស្រុងនាពេលនេះ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​ជាន់​ផ្ទាល់​ដី​ និង​ងាយស្រួល​ដល់​ក្រុម​​សាងសង់ ​បំពេញ​ការងារ​របស់​ខ្លួន​បាន​លឿន​ និង​អាច​បញ្ចប់​គម្រោង​សាងសង់​បាន​ទាន់​ពេល​វេលា​។

លោកស្រីអ្នកនាំពាក្យរូបនេះក៏បានសូម បងប្អូនប្រជាពលរដ្ឋធ្វើ ដំណើរ ប្រកបដោយ ភាព រីករាយ និង សុវត្ថិភាព ។

ស្ពានអាកាស “មរតកតេជោ” ស្ថិតនៅប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពាន(ស្ពានអាកាសជាន់ទី១) បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនOCIC។

  ស្ពានអាកាស “មរតកតេជោ” ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ៤ខែពោលគឺនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។

   ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ក្រោយមានការសម្រេចដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីដោះស្រាយការកកស្ទះចរាចរ។

ស្ពានអាកាសថ្មីនេះ ត្រូវបានអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង និងលោកជំទាវអញ្ជើញជាអធិបតី ក្រុងពាលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដីកាលពីរសៀលថ្ងៃទី៣០ សីហាឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា ហើយកាលព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ត្រូវបានឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងពិធីតភ្ជាប់តួស្ពាន។

   ស្ពានអាកាសនេះសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកាជាង៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់៣៦ខែ។

   ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាន នូវលំហូរលំហូរ ចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញនិងទី២ទៀត អាចកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here