ទីផ្សារ​ខុន​ដូ​នៅ​ក្រុង​ព្រះសីហនុ​កំពុងតែ​ទាក់ទាញ​ការ​វិនិយោគ​

0

ដោយ​ រ៉ា​ណេត​

ព្រះសីហនុ​៖ នៅ​ក្រុង​ព្រះសីហនុ​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​ក្លាយទៅជា​ទីក្រុង​ដ៏​ស៊ីវិល័យ​ដែល​លម្អ​ទៅ​ដោយ​កំណើន​នៃ​ចំនួន​អា​គារ​ខ្ពស់​ៗយ៉ាង​ស្អេកស្កះ​ ដែល​បម្រើ​ឱ្យ​វិ​ស័យ​ផ្សេង​ៗគ្នា​ ដែល​ក្នុង​នោះ​ សំណង់​អាគារ​ខុន​ដូ​ បាន​ដើរតួ​យ៉ាង​សំខាន់​ ស្រប​ទៅ​នឹង​តម្រូវការ​ និង​ការ​វិនិយោគ​ដែល​កំពុងតែ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​ជនជាតិ​ចិន​។

នាយក​ផ្នែក​លក់​ប្រចាំ​ក្រុមហ៊ុន​ FURI​ Real​ Estate​ កញ្ញា​ លីម​ សុខា​ដា​វីន​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅពេល​បច្ចុប្បន្ន​ចំពោះ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅក្នុង​ក្រុង​ព្រះសីហនុ​ វិស័យ​ខុន​ដូ​ បាន​ និង​កំពុងតែ​ដើរតួ​យ៉ាង​សំខាន់​ ដែល​ស្រប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ ក៏ដូចជា​ការចាប់អារម្មណ៍​ពីសំណាក់​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ជាពិសេស​ជនជាតិ​ចិន​បាន​ឈានមុខ​គេ​។

កញ្ញា​បាន​បញ្ជាក់​ទៀត​ថា​ ៖ «ក្រុង​ព្រះសីហនុ​បច្ចុប្បន្ន​នេះ​ ចំពោះ​វិស័យ​សំណង់​គឺ​មានការ​រីកចម្រើន​ខ្លាំង​គួរ​ឱ្យ​គត់​សម្គាល់​ ទាំង​ផ្នែក​សណ្ឋាគារ​ អា​ផា​តមិន​ មណ្ឌល​កម្សាន្ត​ និង​អាគារ​ខុន​ដូ​។ ដោយឡែក​ចំពោះ​វិស័យ​ខុន​ដូ​ ហាក់​មាន​ភាព​លេចធ្លោ​ជាងគេ​ ប៉ុន្តែ​ភាគច្រើន​ជា​ប្រភេទ​ខុន​ដូរ​តម្លៃ​មធ្យម​ ហើយ​ភាគច្រើន​ជា​ការ​វិនិយោគ​ពីសំណាក់​ជនជាតិ​ចិន​»។

នាយក​ផ្នែក​លក់​រូបនេះបាន​បញ្ជាក់​ទៀត​ថា​ ៖ «មានហេតុ​ផល​ជាច្រើន​ដែល​ធ្វើ​ឱ្យ​ពួកគេ​ធ្វើការ​វិនិយោគ​លើ​ផ្នែក​ខុន​ដូ​តម្លៃ​មធ្យម​នេះ​។ ខុន​ដូ​តម្លៃ​មធ្យម​ មាន​តម្រូវការ​នៅ​លើ​ទីផ្សារ​ច្រើន​ ហើយ​ចំពោះ​អ្នក​វិនិយោគ​ក៏​មានឱកាស​ទទួល​បាន​ភាគ​ចំណេញ​ពី​ការ​វិនិយោគ​ច្រើន​ដែរ​ ដែល​ជា​បទពិសោធន៍​ក្នុងរយៈពេល​ជាង​មួយ​ខែ​ អាច​លក់​បាន​ប្រមាណ​ជិត១០០យូនី​ត នៅក្នុង​គម្រោង​មួយ​។ ខុន​ដូ​ប្រភេទ​នេះ​ ពួកគេ​អាច​ទិញ​ហើយ​ លក់​ចេញ​វិញ​ ឬអាច​ជួល​បន្ត​បាន​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​»។

អ្នកនាង​ អាន​ សុធី​តា​ នាយិកា​ក្រុមហ៊ុន​ CBRE​ Cambodia​ ធ្លាប់​បាន​លើកឡើង​ថា​ ទីផ្សារ​ខុន​ដូ​នៅ​ខេត្ត​ព្រះសីហនុ​កំពុងតែ​មាន​តម្រូវការ​ខ្លាំង​ ដោយសារតែ​កំណើន​នៃ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ចិន​ ស្រប​ពេល​ដែល​វិស័យ​មួយ​នេះ​កំពុង​មាន​តម្រូវការ​ខ្លាំង​។

អ្នកនាង​បាន​បន្ត​ទៀត​ថា​ ៖ «ទីផ្សារ​ខុន​ដូ​នៅ​ក្រុង​ព្រះសីហនុ​ គឺជា​ទីផ្សារ​ថ្មី​មួយ​ដែល​កំពុង​មានការ​ទាក់ទាញ​យ៉ាង​ខ្លាំង​ ហើយ​ការ​វិនិយោគ​មានឱកាស​ទទួល​បាន​ចំណេញ​ច្រើន​ដែល​ជាមធ្យម​មាន​ចន្លោះ​ចាប់ពី៧ភាគរយ​ ហេតុនេះ​ហើយ​ទើប​មានការ​វិនិយោគ​លើ​វិស័យ​ខុន​ដូ​ច្រើន​។

នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ អ្នកនាង​ Grace​ Rachny​ Fong​ ក៏បាន​បញ្ជាក់​ប្រាប់​ពី​ហេតុផល​ដែល​បណ្តាល​ឱ្យ​អ្នក​វិនិយោគ​ជនជាតិ​ចិន​ចាប់អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​ ជាពិសេស​នៅ​ក្រុង​ព្រះសីហនុ​ផង​ដែរ​ថា​ ៖ «ពួកគេ​មក​ ក៏​ព្រោះតែ​គេស​ម្លឹង​ឃើញ​ភាពល្អ​ប្រសើរ​ដែល​ទទួល​បាន​ពី​ការ​វិនិយោគ​។ ទីផ្សារ​នៅ​កម្ពុជា​ បើ​ប្រើ​បធៀប​ជាមួយ​ទីផ្សារ​ប្រទេស​ចិន​ ដូចជា​ទីក្រុង​ម៉ាកាវ​ ទីក្រុង​សៀងហៃ​ ជាដើម​ គឺ​នៅ​មានតម្លៃ​ទាប​ស្ទើរ១០ដង​ ដោយឡែក​ចំពោះ​ទីផ្សារ​ប្រកួតប្រជែង​នៅក្នុង​ប្រទេស​ចិន​ក៏​មាន​ច្រើន​ ដែល​ធ្វើ​ឱ្យ​ភាគរយ​នៃ​ការ​ទទួល​បាន​ជោគជ័យ​មាន​អត្រា​ទាប​។

ម៉្យាងវិញទៀត​ អាស្រ័យ​ដោយ​តម្លៃនៅលើទីផ្សារ​របស់​យើង​នៅ​មានកម្រិត​ទាប​ ហើយ​អត្រា​នៃ​ការ​ទទួល​បាន​ចំណេញ​ច្រើន​ត្រឡប់ទៅវិញ​ វា​គឺជា​ហេតុផល​សមស្រប​មួយ​ដែល​ពួកគេ​សម្រេចចិត្ត​មក​វិនិយោគ​»៕

LEAVE A REPLY

Please enter your comment!
Please enter your name here