ដោយៈ សូរិយា
ព្រះសីហនុៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្នុងផែនការរៀបចំដែន ដីខេត្តព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣៨ គឺរៀបចំ និងអភិវឌ្ឍន៍ “ខេត្តព្រះសីហនុជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
គោលដៅនេះធ្វើឡើង ជាការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន” តាមរយៈការអភិវឌ្ឍទីក្រុងទំនើប បៃតងប្រកបដោយភាពច្នៃប្រឌិតរស់រវើក និងបរិស្ថានរស់នៅល្អប្រសើរបំផុត តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ និងកោះដែលស្អាតបំផុតលើសកលលោក សម្រាប់ការស្នាក់នៅលម្ហែកាយ និងការសំរាកកម្សាន្ត រួមទាំងជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ច្រកចេញចូលអន្តរជាតិ និងភស្តុភាកម្មជាតិដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក ទីក្រុងគំរូក្នុងការគ្រប់គ្រង និងអភិបាលកិច្ចល្អប្រកបដោយសេវាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទីក្រុងបរិក្ខារ និងផ្តល់ការងារសម្បូរបែប។