ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីជាន់ខ្ពស់ម៉ាឡេសុីមួយរូប បានបង្ហើបឱ្យដឹងថា ប្រទេសម៉ាឡេស៊ី បានយល់ព្រមលើសំណើក្នុងការបន្តស្វែងរកបំណែកយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលមានជើងហោះហើរលេខ MH370 ក្រោយការបាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុតលើពិភពលោក ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេសុីបច្ចុប្បន្ន លោក Anthony Loke បានថ្លែងថា សំណើស្វែងរកនៅឯតំបន់ថ្មីមួយ ស្ថិតនៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា ធ្វើឡើងដោយក្រុមហ៊ុន Ocean Infinity ដែលធ្លាប់បានធ្វើការស្វែងរកជើងហោះហើរនេះ ក្នុងឆ្នាំ២០១៨ រួចម្តងមកហើយ។ប៉ុន្តែ ក្រុមហ៊ុននេះមិនទទួលបានជោគជ័យឡើយ។

-->
ការស្វែងរកលើកទី១ ពីសំណាក់ក្រុមហ៊ុន Ocean Infinity បានធ្វើឡើង ក្រោយពីមានកិច្ចខិតខំស្វែងរកដោយប្រទេសម៉ាឡេស៊ី អូស្ត្រាលី និងចិន នៅក្នុងតំបន់មហាសមុទ្រឥណ្ឌាភាគខាងត្បូង ក្នុងទំហំ១២០.០០០គីឡូម៉ែត្រការ៉េ ដោយផ្អែកលើទិន្នន័យរវាងផ្កាយរណបអុីនម៉ាសាត់ (Inmarsat) និងយន្តហោះ នៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ។
ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ លោក Loke បានលើកឡើងថា ក្រុមហ៊ុននឹងទទួលបានទឹកប្រាក់ចំនួន៧០លានដុល្លារអាមេរិក ប្រសិនបើអាចរកឃើញបំណែកសំខាន់ៗរបស់ជើងហោះហើរដែលបានបាត់ខ្លួនខាងលើនេះ។

លោក Loke បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលម៉ាឡេស៊ីជាបន្តបន្ទាប់បានប្តេជ្ញាចិត្តចំពោះក្រុមគ្រួសារសាច់ញាតិរបស់អ្នកដំណើររងគ្រោះទាំងអស់ ហើយលោកបានសម្តែងក្តីសង្ឃឹមថា កិច្ចការស្វែងរកសារជាថ្មីនេះ នឹងអាចរកឃើញបំណែកយន្តហោះ ដោយនាំមកនូវដំណោះស្រាយសម្រាប់ក្រុមគ្រួសាររបស់ជនរងគ្រោះ។
តើមានមូលហេតុអ្វីនៅពីក្រោយការបាត់ខ្លួននេះ?
យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Malaysia Airlines ប្រភេទ Boeing 777 ដែលមានជើងហោះហើរលេខ MH370 បានបាត់ដំណឹងសូន្យចាប់តាំងពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៤ ក្រោយពីហោះឡើងបានបន្តិចពីព្រលានយន្តហោះក្នុងទីក្រុងគូឡាឡំាពួរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន។

យោងតាមតាមការសន្និដ្ឋានបានឱ្យដឹងថា បន្ទាប់ពីបានហោះឡើងបាន១ម៉ោងភ្លាម យន្តហោះនេះបានប្តូរទិសដៅ ដោយអ្នកបើកបរមិនបានប្រាប់ពីមូលហេតុ ដោយដំបូងធ្វើដំណើរទៅទិសខាងលិច រួចទៅទិសខាងត្បូងឆ្ពោះទៅមហាសមុទ្រឥណ្ឌា និងប្រហែលជាបានធ្លាក់ទៅក្នុងទឹកសមុទ្រ ក្រោយពីបានបន្តហោះហើរជាច្រើនម៉ោងមក។
យ៉ាងណាមិញ អ្នកបើកបរមិនបានផ្តល់ព័ត៌មានអ្វីទំាងអស់។ ប៉ុន្តែ ការសន្និដ្ឋាននេះត្រូវបានធ្វើឡើង ដោយផ្អែកលើទិន្នន័យផ្តល់ដោយផ្កាយរណប។
ទោះជាយ៉ាងណាក្តី គេមិនអាចដឹងពីទីកន្លែងពិតដែលយន្តហោះនោះបានធ្លាក់នោះទេ ហើយគេក៏នៅមិនទាន់បានរកឃើញបំណែកណាមួយរបស់យន្តហោះនេះនោះដែរ ទោះបីជាមានការបើកប្រតិបត្តិការស្វែងរកដ៏ធំយ៉ាងណាក្តី។

ទីបំផុតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ប្រទេសម៉ាឡេស៊ីបានប្រកាសជាផ្លូវការថា ការបាត់ខ្លួនយន្តហោះមួយគ្រឿងនេះ ជារឿងគ្រោះថ្នាក់ ហើយអ្នកដំណើរទាំង២៣៩នាក់ ដែលជិះនៅក្នុងយន្តហោះនោះក៏ប្រហែលជាបានស្លាប់អស់បាត់ទៅហើយ។
នៅលើជើងហោះហើរនេះ មានជនជាតិចិនចំនួនជាង១៥០នាក់ ដោយក្រុមគ្រួសារសាច់ញាតិរបស់ពួកគេ បានធ្វើការទាមទារសំណងពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ក្រុមហ៊ុន Boeing ក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ Rolls-Royce និងក្រុមហ៊ុនធានារ៉ាប់រង Allianz ក្នុងចំណោមក្រុមហ៊ុនផ្សេងៗទៀត ៕ប្រភព: BBC ៕
