តើតម្រូវការក្នុងទីផ្សារការិយាល័យនៅទីក្រុងហុងកុង និងសិង្ហបុរី មួយណាមានសន្ទុះខ្លាំងជាង?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្រូវការការិយាល័យក្នុងទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិនបានកើនឡើងនៅឆ្នាំ២០២៤នេះ ដោយសារតែការធ្លាក់ចុះនៃតម្លៃជួលក្នុងរយៈពេល៣ឆ្នាំកន្លងមក បានជួយទាក់ទាញបណ្តាក្រុមហ៊ុនមកពីផ្នែកហិរញ្ញវត្ថុ និងផ្នែកច្បាប់។

ជាមួយគ្នានេះ ទីក្រុង Bengaluru របស់ឥណ្ឌា និងទីក្រុង Makati របស់ហ្វីលីពីនបានក្លាយជាទីផ្សារការិយាល័យដ៏ទាក់ទាញបំផុត។ ផ្ទុយទៅវិញ ទីផ្សារការិយាល័យនៅក្នុងប្រទេសសិង្ហបុរីបានធ្លាក់ចុះ។

តម្រូវការការិយាល័យនៅទីក្រុងហុងកុងបានកើនឡើង១១ភាគរយ ខណៈទីក្រុងនេះជាប់ចំណាត់ថ្នាក់ទី៨នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្អែកលើចំនួនអ្នកសាកសួរអំពីទីតាំងជួលការិយាល័យ ដែលមានភាពបត់បែន(Flexible office)។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន The Instant Group ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។

ក្រុមហ៊ុន The Instant Group បានបន្ថែមថា តម្រូវការការិយាល័យរបស់សិង្ហបុរីបានដាំក្បាលចុះ៣១ភាគរយដោយឈរនៅចំណាត់ថ្នាក់ទី៩នៅក្នុងតំបន់។

ការធ្លាក់ចុះនៃទីផ្សារការិយាល័យនៅក្នុងប្រទេសសិង្ហបុរី បណ្តាលមកពីបណ្តាក្រុមហ៊ុនកាន់តែច្រើនបានងាកទៅរកជម្រើស ឬទីតាំងការិយាល័យដែលមានតម្លៃជួលសមរម្យ។

តួយ៉ាង តម្លៃជួលការិយាល័យនៅក្នុងទីក្រុងហុងកុងបានធ្លាក់ចុះ៣,៨៤ភាគរយក្នុងឆ្នាំ២០២៤នេះ ខណៈតម្លៃជួលការិយាល័យលំដាប់កំពូលនៅប្រទេសសិង្ហបុរីបានកើនឡើង១២ត្រីមាសជាប់ៗគ្នា។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Cushman & Wakefield។

ចំណែក តម្រូវការការិយាល័យនៅទីក្រុង Bengaluru ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាក្នុងប្រទេសឥណ្ឌាបានកើនឡើងខ្លាំងបំផុតនៅឆ្នាំ២០២៤នេះ ក្នុងរង្វង់១០៧ភាគរយ ខណៈតម្រូវការនៅក្នុងទីក្រុង Makati ក្បែរទីក្រុងម៉ានីលក្នុងប្រទេសហ្វីលីពីន បានកើនឡើង៤៧ភាគរយ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here