ប្រទេសចិន​កំពុង​សាងសង់​ព្រលានយន្តហោះអន្តរជាតិលើកោះ​សិប្បនិម្មិត​ធំ​ជាង​គេ​ក្នុង​ពិភពលោក

0

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនកំពុងសម្រុកសាងសង់ព្រលានយន្តហោះនៅលើកោះសិប្បនិម្មិតធំជាងគេនៅលើពិភពលោក ដែលមានឈ្មោះថា “Dalian Jinzhou Bay International Airport”។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារពត៌មាន CNN។

នៅពេលសាងសង់រួចរាល់ ព្រលានយន្តហោះអន្តរជាតិមួយនេះនឹងលាតសន្ធឹងលើផ្ទៃដីកោះទំហំ២០គីឡូម៉ែត្រការ៉េ ហើយមានផ្លូវរត់ (Runways) ចំនួន៤ខ្សែ។

បច្ចុប្បន្ន ព្រលានយន្តហោះអន្តរជាតិហុងកុង “Hong Kong International Airport” ដែលមានទំហំ១២,៤៨គីឡូម៉ែត្រការ៉េ និងព្រលានយន្តហោះអន្តរជាតិ Kansai International Airport ដែលមានទំហំ១០គីឡូម៉ែត្រការ៉េ កំពុងជាប់ឈ្មោះក្នុងបញ្ជីតារាងអាកាសយានដ្ឋានធំបំផុតនៅលើពិភពលោក ដែលសាងសង់នៅលើកោះសិប្បនិម្មិត។ ប៉ុន្តែ នៅពេលព្រលានយន្តហោះ Dalian Jinzhou Bay International Airport ត្រូវបានសាងសង់រួចរាល់ នោះព្រលានយន្តហោះថ្មីនេះនឹងឈរនៅលំដាប់ទី១វិញ។

ព្រលានយន្តហោះរបស់ប្រទេសចិនមួយនេះនឹងអាចទទួលអ្នកដំណើរប្រមាណ៨០លាននាក់ និង ជើងហោះហើរប្រមាណ៥៤០.០០០ជើង ក្នុងមួយឆ្នាំៗ។ ការសាងសង់ត្រូវបានបែងចែកជាដំណាក់កាល ដោយដំណាក់ទី១ គ្រោងនឹងបញ្ចប់រួចរាល់នៅក្នុងឆ្នាំ២០៣៥ខាងមុខ។

ទីក្រុង Dalian ជាទីក្រុងកំពង់ផែដ៏ធំរបស់ខេត្ត Liaoning។ ទីក្រុងនេះបានក្លាយជាសសៃឈាមទ្រទ្រង់សេដ្ឋកិច្ចរបស់ខេត្ត ដោយសារតែទីតាំងស្ថិតនៅជាប់សមុទ្រ និងជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ជប៉ុន និងកូរ៉េខាងត្បូង។

វិស័យអាកាសចរណ៍របស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងអាចវ៉ាដាច់សហរដ្ឋអាមេរិក ដោយក្លាយជាទីផ្សារធំជាងគេនៅលើពិភពលោក និងទាមទារឱ្យចិនត្រូវតែមានព្រលានយន្តហោះប្រមាណ៤៥០ទីតាំងនៅឆ្នាំ២០៣៥ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកដំណើរ៕ប្រភព: CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here