ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Hari V Krishnan នាយកប្រតិបត្តិក្រុមហ៊ុន PropertyGuru Group អះអាងថា ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីនឹងបង្ហាញពីកំណើនជាវិជ្ជមានគួរឱ្យចាប់អារម្មណ៍នៅក្នុងទសវត្សរ៍ក្រោយ ខណៈមានការផ្លាស់ប្តូរផ្នែកឌីជីថល និងការគិតគូរពីបរិស្ថាន។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអចលនទ្រព្យ “PropertyGuru Asia” នៅទីក្រុងបាងកក ប្រទេសថៃ លោក Krishnan បានបញ្ជាក់ថា ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីត្រូវបានគេរំពឹងថា នឹងសម្រេចបានទំហំទឹកប្រាក់ស្មើនឹងចំនួនជាង៥០ភាគរយនៃផលទុនជាតិសរុប (GDP) របស់ពិភពលោក និងទទួលខុសត្រូវចំនួនជិត៤០ភាគរយ នៃការប្រើប្រាស់សកលនៅឆ្នាំ២០៤០។

-->
លោក Krishnan រំពឹងថា កំណើនដ៏ធំនៃទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីនឹងទាក់ទាញការវិនិយោគសំខាន់ៗចូលមកកាន់តំបន់នេះ។
តួយ៉ាង ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Colliers រំពឹងថា បណ្តាអ្នកវិនិយោគចំនួន៦៩ភាគរយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងវិភាជន៍ចំនួនទ្រព្យសម្បត្តិរបស់ពួកគេជាង៣០% ដល់ទីផ្សារអចលនទ្រព្យក្នុងរយៈពេល៥ឆ្នាំខាងមុខ។
លោកក៏បានសង្កេតឃើញពីតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាឌីជីថលក្នុងការទប់ទល់នឹងបញ្ហាប្រឈមនៅក្នុងឧស្សាហកម្មអចលនទ្រព្យ ដោយលោកបញ្ជាក់ថា ការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជំរុញឱ្យដំណើរការកាន់តែមានប្រសិទ្ធភាព ព្រមទាំងបង្កើតគំរូអាជីវកម្មថ្មី និងវិធីសាស្ដ្រថ្មីដើម្បីទាក់ទាញអតិថិជន។

លោកបានថ្លែងបន្តថា “បច្ចុប្បន្ន យើងបន្តស្ថិតក្នុងដំណាក់កាលដំបូងនៃការវិវត្តន៍បច្ចេកវិទ្យា AI ជំនាន់ថ្មី ហើយយើងជឿជាក់យ៉ាងមុតមាំថា AI នឹងផ្លាស់ប្តូរទិដ្ឋភាពទីផ្សារអចលនទ្រព្យរបស់យើងនៅគ្រប់កម្រិតទាំងអស់”។
ទោះជាយ៉ាងណាក្តី លោក Krishnan បានកត់សម្គាល់ថា ដំណាក់កាលបន្ទាប់នៃកំណើនឧស្សាហកម្មអចលនទ្រព្យអាស្រ័យលើការរៀបចំធ្វើផែនការទីក្រុង គោលនយោបាយដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និងការទទួលបានទិន្នន័យទាក់ទងនឹងអចលនទ្រព្យ។

លោកបានពន្យល់ទៀតថា ការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់បង្កើតទាំងឱកាស និងបញ្ហាប្រឈមនៅក្នុងឧស្សាហកម្មអចលនទ្រព្យ ដោយសារកត្ដានេះជំរុញឱ្យមានតម្រូវការលំនៅដ្ឋានទំនើប គុណភាពល្អ ដែលមានទាំងតម្លៃសមរម្យ និងការរចនាឡើងសម្រាប់មនុស្សវ័យចំណាស់។
អ្នកជំនាញរូបនេះក៏បានលើកឡើងផងដែរថា ការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សបានបង្កឱ្យមានភាពមិនច្បាស់លាស់អំពីនិរន្តរភាពក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ដោយសារឧស្សាហកម្មនេះបានរួមចំណែកប្រមាណ៤២ភាគរយនៃការបំភាយកាបូននៅលើពិភពលោក។

លោកបានមានប្រសាសន៍ឱ្យដឹងថា “ភាពមិនប្រាកដប្រជានេះបានជះផលប៉ះពាល់ដល់ទំនុកចិត្តក្នុងចំណោមបណ្តាអ្នកប្រើប្រាស់ ដែលចោទសួរថា តើអ្នកអភិវឌ្ឍន៍អចលនទ្រព្យបានគិតគូរពីការរួមចំណែកដោះស្រាយការប្រែប្រួលអាកាសធាតុឬក៏អត់?”។
ក្នុងន័យនេះ លោក Krishnan បានណែនាំអ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងតំបន់ឱ្យផ្តោតការយកចិត្តទុកដាក់លើការពង្រឹងការជឿទុកចិត្តរបស់អ្នកប្រើប្រាស់ បូករួមទាំងការសម្រេចចិត្តដោយយោងលើទិន្នន័យ និងតម្លាភាព ដើម្បីបំពេញតាមតម្រូវការរបស់ពួកគេ។
លោកបានបន្ថែមថា “បច្ចេកវិទ្យាអាចដើរតួនាទីក្នុងការជំរុញសហគមន៍មួយឱ្យមានភាពរស់រវើក និងនិរន្តរភាពបរិស្ថាននៅក្នុងទីក្រុង ដែលយើងកំពុងសាងសង់”៕ប្រភព: The Nation៕