ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា ប្រទេសចិនបានអនុម័តលើការសាងសង់គម្រោងទំនប់វារីអគ្គីសនីនៅលើដងទន្លេដ៏វែងបំផុតរបស់តំបន់ទីបេ ដែលអាចផលិតថាមពលច្រើនជាងទំនប់ “Three Gorges Dam”ចំនួន៣ដង។
ទំនប់វារីអគ្គិសនី Three Gorges Dam ជាទំនប់វារីអគ្គិសនីធំជាងគេបង្អស់នៅលើពិភពលោកនាពេលបច្ចុប្បន្ន ដែលមានទីតាំងនៅលើដងទន្លេ Yangtze ក្នុងប្រទេសចិន។

-->
គម្រោងទំនប់វារីអគ្គិសនីខ្នាតយក្សនេះ គ្រោងនឹងសាងសង់នៅលើដងទន្លេ Yarlung Tsangpo ក្នុងតំបន់ស្វយ័តទីបេ។ នៅពេលសាងសង់ គម្រោងដ៏ធំនេះអាចជួបប្រទះបញ្ហាប្រឈមផ្នែកវិស្វកម្ម ដែលមិនធ្លាប់មានពីមុនមក។
គម្រោងនេះអាចចំណាយទុនវិនិយោគសរុបលើសពីទំហំ១ទ្រីលានយ័ន (ប្រហែល១៣៧ពាន់លានដុល្លារអាមេរិក) ដែលវានឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សនៅលើភពផែនដី។

ទន្លេ “Yarlung Tsangpo” ហូរកាត់តំបន់ខ្ពង់រាបទីបេ ដោយបង្កើតបានជាអន្លង់ជ្រៅបំផុតនៅលើផែនដី និងហូរចូលទៅដល់ប្រទេសឥណ្ឌា ដែលពលរដ្ឋឥណ្ឌាហៅថាជា ទន្លេ “Brahmaputra”។
ទំនប់នេះនឹងត្រូវបានសាងសង់ឡើងនៅក្នុងផ្នែកមួយនៃតំបន់ ដែលមានភ្លៀងធ្លាក់ខ្លាំងបំផុតនៃប្រទេសចិន ដែលអាចធ្វើឱ្យក្រុមការងារវិស្វកម្មជួបការលំបាកខ្លាំង។នេះបើយោងតាមកាសែត South China Morning Post។

ទំនប់វារីអគ្គិសនីនេះត្រូវបានគេរំពឹងថា នឹងមានសមត្ថភាពផលិតថាមពលអគ្គិសនីជិត៣០០ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) រៀងរាល់ឆ្នាំ។
ផ្ទុយទៅវិញ ទំនប់វារីអគ្គិសនី Three Gorges Dam ដែលបច្ចុប្បន្នជាប់ឈ្មោះជាទំនប់ធំជាងគេបំផុតរបស់ពិភពលោក មានសមត្ថភាពផលិតថាមពលចំនួន៨៨,២ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ៕ប្រភព: SCMP៕
