ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យបែបបដិសណ្ឋារកិច្ចរបស់ប្រទេសហ្វីលីពីនត្រូវបានគេរំពឹងថា នឹងស្ទុះងើបឡើងវិញ ដោយសារកំណើនភ្ញៀវទេសចរណ៍ និងការវិនិយោគពីបរទេសនៅក្នុងសណ្ឋាគារ និងរមណីយដ្ឋាន។
លំហូរភ្ញៀវទេសចរណ៍អន្តរជាតិចូលប្រទេសហ្វីលីពីននៅឆ្នាំ២០២៤នេះត្រូវបានគេមើលឃើញថា មានចំនួនលើសពី៧លាននាក់។ នៅឆ្នាំ២០២៨ តួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ចំនួន១២លាននាក់ ដោយផ្អែកលើគោលដៅរបស់ក្រសួងទេសចរណ៍ហ្វីលីពីន។

-->
ស្ថានភាពនេះនឹងទាក់ទាញអ្នកអភិវឌ្ឍន៍ក្នុងស្រុកឱ្យបោះទុនវិនិយោគកាន់តែច្រើន ឬបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនបរទេសក្នុងការសាងសង់សណ្ឋាគារបន្ថែមទៀត ជាពិសេសនៅតំបន់ទេសចរណ៍ដែលកំពុងរីកចម្រើន។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers ជឿជាក់ថា នេះជាឱកាសសម្រាប់ម៉ាកយីហោបរទេសដើម្បីពង្រីកវត្តមានរបស់ពួកគេនៅក្នុងប្រទេសហ្វីលីពីន។
ក្រុមហ៊ុននេះអះអាងថា បណ្តាអ្នកអភិវឌ្ឍន៍ក៏អាចទាញសក្តានុពលពីការអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌលសន្និបាតនាពេលខាងមុខ និងការធ្វើទំនើបកម្មអាកាសយានដ្ឋាននៅក្រៅតំបន់រដ្ឋធានីម៉ានីល សម្រាប់ផែនការពង្រីកសណ្ឋាគាររបស់ពួកគេ។

ជាមួយគ្នានោះ ការបន្តស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍នឹងជួយជំរុញតម្រូវការអភិវឌ្ឍន៍សណ្ឋាគារ និងរមណីយដ្ឋាននៅក្នុងគោលដៅមួយចំនួនដូចជាទីក្រុងទេសចរណ៍ Cebu ដ៏ល្បីល្បាញរបស់ហ្វីលីពីន។
ដោយឡែក លោក David Leechiu
នាយកប្រតិបត្តិក្រុមហ៊ុន Leechiu Property Consultants បានអះអាងថា “ការបើកជើងហោះហើរអន្តរជាតិថ្មីៗនឹងនាំមកនូវភ្ញៀវទេសចរណ៍កាន់តែច្រើនពីទីក្រុងហុងកុង ទីក្រុងសិង្ហបុរី និងទីក្រុងបាងកកនៅឆ្នាំក្រោយ។ ការណ៍នេះទាមទារឱ្យមានការវិនិយោគបន្ថែមទៀតលើគម្រោងសណ្ឋាគារ និងរមណីយដ្ឋាន”។
ស្រដៀងគ្នានេះ លោកស្រី Sheila Lobien
នាយកប្រតិបត្តិក្រុមហ៊ុន Lobien Realty Group បានព្យាករណ៍ថា ទីផ្សារបដិសណ្ឋារកិច្ចរបស់ហ្វីលីពីនត្រូវនឹងស្ទុះងើបឡើងវិញយ៉ាងលឿន ខណៈចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលចូលមកកំសាន្តនៅហ្វីលីពីននឹងកើនឡើងដល់ប្រមាណ៨,៣លាននាក់នៅឆ្នាំ២០២៥ បើធៀបនឹងចំនួន៧,៧លាននាក់នៅឆ្នាំនេះ។
លោកស្រីបញ្ជាក់ថា “បច្ចុប្បន្ននេះ សណ្ឋាគារនៅទូទាំងប្រទេសហ្វីលីពីនមានសរុបទាំងអស់ចំនួន៣៣៦.០០០បន្ទប់។ដូច្នេះ អ្នកអភិវឌ្ឍន៍ត្រូវតែបង្កើនចំនួនបន្ទប់សណ្ឋាគារឱ្យឡើងដល់៤៥៦.០០០បន្ទប់នៅឆ្នាំ២០២៨ខាងមុខ ដើម្បីបំពេញកំណើននៃតម្រូវការ”៕ប្រភព: Inquirer.Net៕
