ដោយៈ គង់ សូរិយា
ភ្នំពេញៈ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកឧកញ៉ាចេង ខេងបានមានប្រសាសន៍ថា មានតែការគោរពច្បាប់ទេ ទើបធ្វើឲ្យយើងរស់ក្នុងសេចក្តីថ្លៃថ្នូរ។
លោកឧកញ៉ាបានមានប្រសាសន៍ ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាមកាលពីសប្តាហ៍មុនថា សមាគមកំពុងរៀបចំយុទ្ឋសាស្រ្ត ដើម្បីធ្វើយ៉ាងណាឲ្យអ្នកមិនគោរពច្បាប់ ក្នុងវិស័យអចលនវត្ថុគោរពច្បាប់ និងងាកមករកច្បាប់។
-->
លោកបញ្ជាក់ថា “បច្ចុប្បន្នសមាគម និងិយ័តករអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុកំពុងប្រឹងប្រែងរួមគ្នា ដើម្បីជម្រុញឲ្យអ្នកនៅក្នុងទីផ្សារនេះគោរពច្បាប់ និងរត់មករកច្បាប់”។
តាមទិន្នន័យបានបង្ហាញថា សមាគមបានប្រមូលក្រុមភ្នាក់ងារ និងក្រុមហ៊ុន ដែលមិនគោរពច្បាប់ជាង៤០០ក្រុម បញ្ជូនឲ្យនិយ័តករអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ដើម្បីសិក្សានិងចាត់វិធានការតាមនិតិវិធី។

លោកឧកញ៉ាចេង ខេងបានមានប្រសាសនថា នៅក្នុងយុទ្ឋសាស្រ្តបញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ផ្តោតអាទិភាពលើការគោរពច្បាប់ ព្រោះប្រទេសមួយដែលមានភាពស៊ីវិល័យ គឺជាប្រទេសគោរពច្បាប់ឬនិតិរដ្ឋ។
លោកបន្តថា “ប្រជាពលរដ្ឋត្រូវគោរពច្បាប់ ពង្រឹងការអនុវត្តន៍ច្បាប់ ព្រោះមានតែការគោរពច្បាប់ទេ ទើបធ្វើឲ្យទាំងអស់គ្នារស់ក្នុងសេចក្តីថ្លៃថ្នូរ មិនមានការចោទប្រកាន់គ្នាទៅវិញទៅមក”។ លោកបន្តថា “បើយើងមិនគោរពច្បាប់ យើងចោទគ្នាទៅវិញទៅមក មិនដឹងអ្នកណាខុស អ្នកណាត្រូវ ព្រោះយើងមិនយកច្បាប់មកធ្វើជាមូលដ្ឋាន”៕