ខេត្តតៃនិញរបស់វៀតណាមគ្រោងសាងសង់ព្រលានយន្តហោះមួយស្ថិតនៅចម្ងាយ៤៤គីឡូម៉ែត្រពីព្រំដែនកម្ពុជា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ខេត្តតៃនិញ(Tay Ninh) ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម និងមានព្រំប្រទល់ជាប់កម្ពុជា គ្រោងសាងសង់ព្រលានយន្តហោះមួយនៅក្នុងស្រុក Duong Minh Chau របស់ខ្លួន ដោយចំណាយទុនវិនិយោគជាង៤,៧ទ្រីលានដុង (ប្រហែល១៨៤,៨២លានដុល្លារអាមេរិក)។

ព្រលានយន្តហោះទំហំ៤២០ហិកតានេះ នឹងមានចម្ងាយ៧៤គីឡូម៉ែត្រពីព្រលានយន្តហោះ Tan Son Nhat របស់ទីក្រុងហូជីមិញ និងមានចម្ងាយ១០៦គីឡូម៉ែត្រពីព្រលានយន្តហោះ Long Thanh ដែលកំពុងស្ថិតក្រោមការដ្ឋានសាងសង់ក្នុងខេត្តដុងណាយ (Dong Nai)។

ជាពិសេស គម្រោងព្រលានយន្តហោះថ្មីនៅក្នុងខេត្តតៃនិញមួយនេះ មានចម្ងាយត្រឹមតែ៤៤គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនកម្ពុជា-វៀតណាម។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារពត៌មាន Vnexpress ។

ការសាងសង់ព្រលានយន្តហោះថ្មីនេះនឹងបំពេញតាមស្តង់ដារ 4E របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលមានន័យថា ព្រលានយន្តហោះនេះអាចផ្ទុកយន្តហោះធំៗដូចជាយន្តហោះ Boeing 777 យន្តហោះ Boeing 787 និងយន្តហោះ ដែលប្រើជាទូទៅសម្រាប់ជើងហោះហើរអន្តរជាតិរយៈពេលវែង។

ព្រលានយន្តហោះនេះមានសមត្ថភាពផ្ទុកអ្នកដំណើរបានចំនួនមួយលាននាក់ក្នុងមួយឆ្នាំ និងអាចផ្ទុកអ្នកដំណើរចំនួន៤០០នាក់ក្នុងមួយម៉ោង។ នេះបើយោងតាមសំណើរបស់រដ្ឋបាលខេត្តតៃនិញដាក់ជូនទៅកាន់ក្រសួងដឹកជញ្ជូន។

គម្រោងព្រលាន​យន្តហោះ​ក្នុងខេត្តតៃនិញ នឹង​មាន​ផ្លូវ​រត់​ប្រវែង​៣.២០០​ម៉ែត្រ និង​មានចំណតយន្តហោះចំនួន៦កន្លែង។

ក្នុងចំណោមទុនវិនិយោគសរុបចំនួន៤,៧៣ទ្រីលានដុង ក្នុងនោះ ទុនចំនួន១៧% នឹងត្រូវបានរ៉ាប់រងដោយរដ្ឋាភិបាលវៀតណាម ខណៈទុនចំនួន៨៣%ទៀតនឹងទទួលបានពីក្រុមអ្នកវិនិយោគក្រោមគំរូភាពជាដៃគូរវាងសាធារណៈ និងឯកជន។

ខេត្តតៃនិញលាតសន្ធឹងលើផ្ទៃដីជាង៤.០០០គីឡូម៉ែត្រក្រឡា និងមានប្រជាជនជិត១,៤លាននាក់ ជាច្រកទ្វារអន្តរជាតិដ៏សំខាន់មួយរវាងប្រទេសវៀតណាម កម្ពុជា និងប្រទេសថៃ៕ប្រភព: Vnexpress ៕

LEAVE A REPLY

Please enter your comment!
Please enter your name here