ដោយ: គង់ លាងហួរ
ភ្នំពេញ: ទោះបីជាមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមជាច្រើនយ៉ាងណាក្តី ក៏ទីផ្សារអចលនទ្រព្យរបស់កម្ពុជានៅតែបង្ហាញសញ្ញាប្រកបដោយសុទិដ្ឋិនិយម។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia បានលើកឡើងថា ទោះបីជាទីផ្សារអចលនទ្រព្យកំពុងជួបប្រទះនឹងការធ្លាក់ចុះយ៉ាងណាក្តី ប៉ុន្តែមូលដ្ឋានគ្រឹះនៃទីផ្សារនៅតែមានសភាពរឹងមាំ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែលកំពុងដំណើរការសាងសង់ និងការលើកទឹកចិត្តរបស់រដ្ឋាភិបាលកម្ពុជាត្រូវបានគេរំពឹងថានឹងជួយទ្រទ្រង់ដល់ទីផ្សារឱ្យឆ្លងផុតពេលវេលាដ៏លំបាកនេះ។
-->
ក្រុមហ៊ុន CBRE Cambodia ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការវិនិយោគជាយុទ្ធសាស្រ្ត និងការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នក្នុងអំឡុងពេលនេះ។
CBRE Cambodia បានផ្តល់ជាយោបល់ថា“បណ្តាអ្នកវិនិយោគគួរតែផ្តោតលើតំបន់ណា ដែលមានសក្តានុពលកំណើនខ្ពស់ និងការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ”។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យមួយនេះបានអះអាងបន្តទៀតថា “ទីផ្សារអចលនទ្រព្យនៅកម្ពុជាបានដាំក្បាលចុះ បន្ទាប់ពីហក់ឡើងដល់ចំណុចកំពូល។ នេះជាការកែតម្រូវប្រកបដោយសុខភាពល្អ ដែលនឹងធានាបាននូវនិរន្តរភាពយូរអង្វែង និងទប់ស្កាត់មិនឱ្យទីផ្សារមានការពុះកញ្ជោល ឬក្តៅខ្លាំងពេក”។
បច្ចុប្បន្ន អ្នកអភិវឌ្ឍន៍កំពុងសម្លឹងមើលឱកាសវិនិយោគនៅទូទាំងរាជធានីភ្នំពេញ ស្របពេលដែលវិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញមានការរីកចម្រើនទាំងនៅក្នុងតំបន់មានការអភិវឌ្ឍន៍ស្រាប់ និងតំបន់កំពុងរីកចម្រើន។
ជាមួយគ្នានេះ ដីធ្លីនៅចំកណ្តាលរាជធានីភ្នំពេញត្រូវបានគេរំពឹងថា នឹងនៅតែមានតម្លៃខ្ពស់ ដោយសារដីនៅទីនោះមិនសូវមានច្រើន គួបផ្សំនឹងការបន្តកើនឡើងនៃតម្រូវការលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម។
ដោយឡែក ដីធ្លីនៅជុំវិញតំបន់ជាយក្រុងមានតម្លៃសមរម្យ និងកាន់តែមានសក្តានុពល ខណៈដែលការធ្វើផែនការនគរូបនីយកម្មរបស់ទីក្រុងភ្នំពេញនៅតែបន្តត្រូវបានពង្រីកបន្ថែមទៀត៕ប្រភព: CBRE៕
