ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ដែលបានចាប់ផ្តើមពីភ្នាក់ងារអចលនទ្រព្យធម្មតា រហូតក្លាយជាអ្នកអភិវឌ្ឈន៍លេចធ្លោមួយរូបបានលើកឡើងថា សម្រាប់អ្នកចង់ប្រឡូកសាងសង់បុរីសំរាប់លក់ថ្មីៗ ដែលគ្មានបទពិសោធន៍សោះ សូមគិតឲ្យបានពី១០ទៅ២០ដងសិន មុនសម្រេចចិត្ត។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា សម្រាប់ឆ្នាំ២០២៥ វាជាពេលដែលអ្នកអភិវឌ្ឈន៍បុរីធំៗ អាចចាប់ផ្តើមសាងសង់ឬបន្តសាងសង់ គំរោងរបស់ពួកគេជាប់គាំងកន្លងមក ហេតុនេះអ្នកមិនទាន់មានបទពិសោធន៍សូមកុំសម្រេចចិត្តធ្វើអី។
-->

លោកបន្តថា “ការនិយាយបែបនេះ មិនមែនជាការបន្ទុចបង្អាក់នោះទេ តែជាការលើកឡោះងសម្រាប់ពិចារណា ព្រោះទីផ្សារនេះត្រូវការអ្នកមានបទពិសោធន៍”។ លោកបន្ថែមថា “បើសិនជាអ្នកចង់ប្រឡូកថ្មី ចង់ធ្វើបុរីឬខុនដូលក់ សូមសិក្សាពីការកាត់ចំណែកទីផ្សារ និងសិក្សាឲ្យបានលំអិតថា តើមានអតិថិជនគោលដៅនៅក្នុងដៃហើយឬនៅ?”។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា វិបត្តិជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចកន្លងមកនេះ មានគំរោងបុរី ដីឡូត៍ ផ្ទះល្វែង ផ្សារ ចំនួនជាង១០០គំរោងដែលបានជាប់គាំង ហើយក្រសួងកំពុងដោះស្រាយបញ្ហានេះ ជាមួយអ្នកអភិវឌ្ឍន៍ និងអតិថិជន។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ទីផ្សារនេះមិនកើបប្រាក់ចំណេញខ្ពស់នោះទេ ហេតុនេះអ្នកចង់ប្រឡូកក្នុងទីផ្សារនេះថ្មីៗ គួរគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុនសម្រេចចិត្តអភិវឌ្ឍន៍គំរោងរបស់ខ្លួន។
រាជរដ្ឋាភិបាល តាមរយៈឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើការជាមួយអន្តរក្រសួងស្ថាប័ន ជាមួយសមាគមអ្នអភិវឌ្ឍន៍លំនៅដ្ឋាន សមាគមអ្នកសាងសង់ ពិសេសជាមួយធនាគារ ដោយធនាគារពាណិជ្ជនានានឹងបញ្ចុះអត្រាការប្រាក់មកនៅត្រឹម៨ភាគរយ សម្រាប់វិស័យអចលនទ្រព្យ និងបន្ឋូរបន្ថយក្នុងការផ្តល់លក្ខខ័ណ្ឌ សម្រាប់ឥណទានដល់អតិថិជន និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននានា៕
