ហេតុអ្វីទីផ្សារការិយាល័យនៅទីក្រុងហ្សាការតា នៅតែឈរជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាព?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារការិយាល័យនៅទីក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ីនៅតែបន្តមានភាពលេចធ្លោជាគោលដៅវិនិយោគដ៏ទាក់ទាញ បើទោះបីជាសេដ្ឋកិច្ចរបស់ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនយ៉ាងណាក្តី។

ទីតាំងជាយុទ្ធសាស្ត្ររបស់ទីក្រុងហ្សាការតា គួបផ្សំនឹងកំណើននៃតម្រូវការការិយាល័យបានប្រែក្លាយទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ឥណ្ឌូនេសុីទៅជាគោលដៅសម្រាប់អ្នកវិនិយោគដែលកំពុងស្វែងរកផលចំណេញត្រឡប់មកវិញរយៈពេលវែង។

ទីក្រុងហ្សាការតាដើរតួជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងធុរកិច្ចរបស់ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ាន។ ស្របពេលកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានព្យាករណ៍ថា នឹងបន្តមានភាពធន់ ដោយសារការប្រើប្រាស់ក្នុងស្រុក និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។

ជាងនេះទៅទៀត ខណៈបណ្តាក្រុមហ៊ុនចម្រុះជាតិសាសន៍កាន់តែច្រើនបោះទុនវិនិយោគទៅក្នុងទីផ្សារដ៏ធំរបស់ប្រទេសឥណ្ឌូនេស៊ី តម្រូវការការិយាល័យនៅក្នុងទីក្រុងហ្សាកាតានឹងបន្តកើនឡើង ជាពិសេសនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD)។

ទីក្រុងហ្សាការតាក៏ជាឱកាសដ៏ពិសេសមួយសម្រាប់បណ្តាវិនិយោគិនអន្តរជាតិ ដែលព្យាយាមធ្វើពិពិធកម្មផលប័ត្ររបស់ខ្លួន។

បន្ថែមលើនេះ ក្រុមវិនិយោគិនបរទេសអាចជួលការិយាល័យនៅទីក្រុងហ្សាការតាក្នុងតម្លៃប្រកបដោយភាពប្រកួតប្រជែងបើធៀបនឹងទីក្រុងនៅតាមបណ្តាប្រទេសជិតខាងផ្សេងទៀត។ ដូច្នេះ អ្នកវិនិយោគអាចទទួលបានអត្ថប្រយោជន៍ពីការហក់ឡើងនៃតម្លៃការិយាល័យនាពេលអនាគត។

ទីផ្សារការិយាល័យរបស់ទីក្រុងហ្សាការតាបានជួបប្រទះនូវការផ្គត់ផ្គង់លើសតម្រូវការក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈអគារការិយាល័យថ្មីៗជាច្រើនត្រូវបានដាក់ឱ្យដំណើរការ។

ការណ៍នេះបាននាំឱ្យអ្នកជួលមានប្រៀបនៅក្នុងទីផ្សារ ហើយម្ចាស់អគារការិយាល័យអាចដាក់ចេញនូវលក្ខខណ្ឌជួល ដែលមានភាពអំណោយផលជាងមុន។ នេះជាឱកាសដ៏ល្អសម្រាប់វិនិយោគិន ដែលមានទស្សនៈវិស័យរយៈពេលវែង។

លើសពីនេះ ខណៈដែលបុគ្គលិករបស់បណ្តាក្រុមហ៊ុនជាច្រើនបានវិលត្រឡប់មកធ្វើការក្នុងការិយាល័យវិញ ការណ៍នេះបានជំរុញឱ្យមានតម្រូវការពង្រីកការិយាល័យឱ្យធំជាងមុនដើម្បីអាចផ្ទុកបុគ្គលិកបានកាន់តែច្រើន៕ប្រភព: LinkedIn៕

LEAVE A REPLY

Please enter your comment!
Please enter your name here