ប្រាសាទបាយ័នជាប់ឈ្មោះនៅក្នុងបញ្ជីទីតាំងស្អាតជាងគេបំផុតទាំង៧១នៅលើពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីល្បាញ “Condé Nast Traveler” ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបានដាក់បញ្ចូលប្រាសាទបាយ័នរបស់កម្ពុជាក្នុងបញ្ជីទីតាំងស្អាតបំផុតទាំង៧១ នៅលើពិភពលោក។

បញ្ជីនេះត្រូវបានរៀបចំឡើងដោយផ្អែកលើការវាយតម្លៃបទពិសោធន៍ គោលដៅទេសចរណ៍ ដែលទទួលបានការចាប់អារម្មណ៍ និងមានប្រវត្តិសាស្រ្តបុរាណដ៏ល្បីល្បាញ បូករួមទាំងសេវាបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងមុខម្ហូបឆ្ងាញ់ៗ។

ទស្សនាវដ្ដីទេសចរណ៍ខាងលើបានសរសេររៀបរាប់ថា ប្រាសាទបាយ័ន​ត្រូវបាន​សាងសង់ឡើង​ដើម្បី​គោរព​ឧទ្ទិសដល់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែលជាព្រះមហាក្សត្រ​ដ៏​ល្បីល្បាញ​បំផុត​មួយ​ព្រះអង្គរបស់​​អាណាចក្រខ្មែរសម័យបុរាណ។ ប្រាសាទបាយ័ន​​​ជា​ស្នាដៃ​ស្ថាបត្យកម្ម​ដ៏​ពិសេស​មួយ​នៅ​ចំកណ្តាល​ក្រុង​អង្គរធំ​។

ប្រាសាទបាយ័នក៏ជាតំបន់រមណីយដ្ឋានដ៏មានភាពល្បីល្បាញខ្លាំងជាងគេមួយនៅប្រទេសកម្ពុជា ដោយប្រជាប្រិយភាពរបស់ប្រាសាទបាយ័នស្ថិតក្នុងលំដាប់ទីពីរ បន្ទាប់ពីប្រាសាទអង្គរវត្ត។ នេះបើយោងតាមអត្ថបទចុះផ្សាយដោយទស្សនាវដ្ដី Condé Nast Traveler។

ជាមួយគ្នានេះ ខេត្ត Hoa Binh របស់វៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជា ក៏បានជាប់ឈ្មោះក្នុងបញ្ជីទីតាំងស្អាតបំផុតទាំង៧១ នៅលើពិភពលោកផងដែរ។

ទស្សនាវដ្ដី Condé Nast Traveler បានសរសេរថា ខេត្ត Hoa Binh មានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាម ជាបណ្តុំរស់នៅរបស់ជនជាតិភាគតិច និងមានវាលស្រែលាតសន្ធឹងយ៉ាងធំគ្មានទីបញ្ចប់។

គោលដៅផ្សេងទៀត ដែលជាប់ឈ្មោះនៅក្នុងបញ្ជីនេះ រួមមានកោះបាលីនៅប្រទេសឥណ្ឌូនេស៊ី ឧទ្យានភូមិសាស្ត្រជាតិ Zhangye នៅក្នុងប្រទេសចិន ទីក្រុង Jodhpur ក្នុងប្រទេសឥណ្ឌាទីក្រុងហុងកុង និងប្រទេសហ្វីលីពីន៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here