ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅពេលនិយាយអំពីពាណិជ្ជកម្មអន្តរជាតិ មនុស្សភាគច្រើនច្បាស់ជាដឹងថា ផ្លូវទឹកសំខាន់ៗដូចជា ព្រែកជីកស៊ុយអេមានឥទ្ធិពលយ៉ាងខ្លាំងលើទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក។
ដូច្នេះ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលគម្រោងផ្លូវពាណិជ្ជកម្មអន្តរជាតិថ្មីមួយហៅថា “ផ្លូវសូត្រអាកទិក”(Arctic Silk Road) កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន។
ផ្លូវសូត្រអាកទិកជាគម្រោងខ្នាតយក្សមួយដែលមានតម្លៃ២៤០ពាន់លានផោន(ប្រហែល៣០១,៩២ពាន់លានដុល្លារ) ដឹកនាំដោយប្រទេសរុស្ស៊ី និងចិន។ គម្រោងផ្លូវសូត្រនេះត្រូវបានគេប្រសិទ្ធិនាមថាជា “អនាគតនៃពាណិជ្ជកម្មអន្តរជាតិ”។
-->

ផែនការប្រកបដោយមហិច្ឆតានេះមានគោលបំណងបង្កើតផ្លូវដឹកជញ្ជូនកាន់តែលឿន និងមានប្រសិទ្ធភាពជាងមុនរវាងតំបន់អឺរ៉ុប និងតំបន់អាស៊ី ដើម្បីផ្តល់ជូនកប៉ាល់ពាណិជ្ជកម្មនានានូវជម្រើសផ្លូវដឹកជញ្ជូនថ្មីមួយទៀត ក្រៅពីព្រែកជីកស៊ុយអេ។
ដោយលាតសន្ធឹងតាមឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសរុស្ស៊ី គម្រោងផ្លូវសូត្រនេះនឹងទាញយកអត្ថប្រយោជន៍ពីការរលាយផ្ទាំងទឹកកកនៅតំបន់អាកទិក ដើម្បីបើកគន្លងផ្លូវសមុទ្រថ្មី។

ក្រុមអ្នកជំនាញបានលើកឡើងថា “ផ្លូវសូត្រអាកទិកថ្មីអាចជួយកាត់បន្ថយពេលវេលាធ្វើដំណើរចំនួនពីរសប្តាហ៍សម្រាប់កប៉ាល់ ដែលធ្វើដំណើរចេញប្រទេសចិនទៅកាន់តំបន់អឺរ៉ុប ដោយសន្សំសំចៃពេលវេលា និងប្រេងឥន្ធនៈ”។
ប្រទេសរុស្ស៊ីបានប្តេជ្ញាចិត្តបោះទុនវិនិយោគរាប់ពាន់លានដុល្លារក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ផ្លូវនេះ រួមទាំងកំពង់ផែ រោងចក្រថាមពល និងទីក្រុងទាំងមូល៕ប្រភព: Express.co.uk៕
