ដោយ: គង់ លាងហួរ
ប៉េកាំង: ថ្មីៗនេះ ប្រទេសចិនបានបង្ហាញគំរូនៃរថភ្លើងល្បឿនលឿនជំនាន់ក្រោយរបស់ខ្លួន ជាមួយល្បឿនសាកល្បងចំនួន៤៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវ៉ាដាច់រថភ្លើងល្បឿនលឿនបច្ចុប្បន្នទាំងអស់របស់ចិន ដែលស្ថិតក្នុងចំណោមរថភ្លើងល្បឿនលឿនបំផុតនៅលើពិភពលោក។
តាមរយៈសេចក្តីថ្លែងការណ៍នៅលើគណនី WeChat ផ្លូវការរបស់ខ្លួន ក្រុមហ៊ុនរដ្ឋចិន China State Railway Group បានបង្ហាញរថភ្លើងល្បឿនលឿនប្រភេទ CR450 ដែលមានល្បឿនបំពេញប្រតិបត្តិការដឹកអ្នកដំណើរអតិបរមា៤០០គីឡូម៉ែត្រក្នុងមួយម៉ោង។
China Railway បានអះអាងថា “ការបង្ហាញខ្លួនជាផ្លូវការនៃរថភ្លើងល្បឿនលឿនបំផុតរបស់ពិភពលោកមួយនេះ ជារបកគំហើញដ៏សំខាន់មួយនៃគម្រោង CR450 ដែលបានចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០១៨ ហើយវានឹងពង្រឹង និងពង្រីកបន្ថែមទៀតនូវមហិច្ឆតាផ្លូវរថភ្លើងល្បឿនលឿនជាសកលរបស់ប្រទេសចិន”។
-->

មហិច្ឆតាផ្លូវដែកល្បឿនលឿនរបស់ចិននៅតែបន្តបោះជំហានទៅមុខ ខណៈផែនការសាងសង់បណ្តាញផ្លូវដែកឆ្លងកាត់តាមរយៈបណ្តាប្រទេសជិតខាងក្នុងតំបន់ ដូចជាប្រទេសថៃ និងវៀតណាមកំពុងទទួលបានសន្ទុះ។
បច្ចុប្បន្ន ប្រទេសចិនមានរថភ្លើងល្បឿនលឿនបំផុតលំដាប់ពិភពលោកមួយចំនួនរួចទៅហើយ។
ជាក់ស្ដែង ក្នុងនោះ រថភ្លើង “Shanghai maglev” ដែលតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិ Pudong ទៅកាន់តំបន់កណ្តាលទីក្រុងសៀងហៃ ដំណើរការក្នុងល្បឿនអតិបរមាចំនួន៤៣០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាសេវាកម្មរថភ្លើងពាណិជ្ជកម្មល្បឿនលឿនបំផុតក្នុងពិភពលោក។
រថភ្លើងល្បឿនលឿនផ្សេងទៀតរបស់ចិន ដែលតភ្ជាប់ទីក្រុងធំៗដូចជារថភ្លើង CR Fuxing និងរថភ្លើង CR Harmony អាចឈានដល់ល្បឿនបំពេញប្រតិបត្តិការកំពូលចំនួន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
ផ្ទុយទៅវិញ រថភ្លើង Shinkansen ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុនអាចធ្វើដំណើរក្នុងល្បឿនត្រឹមតែ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈរថភ្លើងល្បឿនលឿននៅទ្វីបអឺរ៉ុបដូចជារថភ្លើង ICE 3 នៅប្រទេសអាល្លឺម៉ង់មានល្បឿនអតិបរមាចំនួន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចាត់ទុកគំរូនៃរថភ្លើងថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុន China Railway ថា ជា “ការឈានទៅរកយុគសម័យថ្មីនៃផ្លូវរថភ្លើងល្បឿនលឿន”៕ប្រភព: CNA៕
