តម្លៃខុនដូនៅតំបន់កាសុីណូដ៏ល្បីល្បាញរបស់សិង្ហបុរី Sentosa ដាំក្បាលចុះ១៥ភាគរយ នៅឆ្នាំ២០២៤

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃខុនដូមធ្យមនៅតំបន់ Sentosa Cove នៃទីក្រុងសិង្ហបុរីបានដាំក្បាលចុះ១៥ភាគរយ នៅឆ្នាំ២០២៤ មកនៅត្រឹមចំនួន១.៧៩២ដុល្លារក្នុងមួយហ្វីតការ៉េ បើធៀបនឹងតម្លៃជាមធ្យមចំនួន២.១០០ដុល្លារក្នុងមួយហ្វីតការ៉េកាលពីឆ្នាំ២០២៣។

តម្លៃខុនដូនៅតំបន់រមណីយដ្ឋានកាសុីណូមួយនេះបានដាំក្បាលចុះ បន្ទាប់ពីមានការបើកដំណើរការលក់ឡើងវិញនូវខុនដូដែលនៅសេសសល់ក្នុងគម្រោង “The Residences At W Singapore”ដែលមានតម្លៃចាប់ពី១.៦៤៨ដុល្លារក្នុងមួយហ្វីតការ៉េ។

លោកស្រី Han Huan Mei នាយកស្រាវជ្រាវនៅក្រុមហ៊ុន List Sotheby’s International Realty បានលើកឡើងថា ការលក់ខុនដូនៅគម្រោង The Residences At W ជាចំណុចសំខាន់មួយសម្រាប់ទីផ្សារខុនដូនៅតំបន់ Sentosa Cove។

លោកស្រីបន្តថា “ការណ៍នេះអាចបណ្តាលឱ្យអ្នកលក់មួយចំនួនផ្សេងទៀតសម្រេចចិត្តបញ្ចុះតម្លៃខុនដូរបស់ពួកគេ ដែលជាហេតុនាំឱ្យតម្លៃខុនដូជាមធ្យមក្នុងតំបន់កាសុីណូដ៏ល្បីល្បាញក្នុងប្រទេសសិង្ហបុរីមានការធ្លាក់ចុះ”។

មុនពេលធ្លាក់ចុះនៅឆ្នាំ២០២៤ តម្លៃខុនដូជាមធ្យមនៅក្នុងតំបន់ Sentosa មាននិន្នាការកើនឡើងជាបន្តបន្ទាប់ បន្ទាប់ពីបានដាំក្បាលចុះក្នុងឆ្នាំ២០១៩ មកនៅត្រឹមចំនួន១.៤២៩ដុល្លារក្នុងមួយហ្វីតការ៉េ។

តម្លៃខុនដូមធ្យមនៅក្នុងតំបន់ Sentosa បានកើនឡើងលើសពីកម្រិត២.០០០ដុល្លារក្នុងមួយហ្វីតការ៉េ ក្នុងឆ្នាំ២០២២ និងបន្តកើនឡើងដល់ចំនួន២.១០០ដុល្លារក្នុងមួយហ្វីតការ៉េ ក្នុងឆ្នាំ២០២៣ ដោយសារការបើកដំណើរការគម្រោង Cape Royale ដែលមានខុនដូចំនួន៣០២យូនីត និងការលក់ខុនដូដែលនៅសេសសល់ក្នុងគម្រោង Seascape៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here