ដោយ: គង់ លាងហួរ
តូក្យូ: យោងតាមការស្ទង់មតិដោយរដ្ឋាភិបាលជប៉ុនបានបង្ហាញថា ជនជាតិចិនបានកាន់កាប់ចំណែកធំបំផុតនៃការទិញដីដោយជនបរទេសនៅជិតតំបន់ដែលមានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់ប្រទេសជប៉ុន។
ច្បាប់របស់ប្រទេសជប៉ុនចែងថា កោះដាច់ស្រយាល និងតំបន់នានា ដែលស្ថិតនៅចម្ងាយ១គីឡូម៉ែត្រពីទីតាំងសំខាន់ៗដូចជាមូលដ្ឋានកងកម្លាំងស្វ័យការពារ និងរោងចក្រនុយក្លេអ៊ែរ ត្រូវបានកំណត់ថា ជា “តំបន់ត្រួតពិនិត្យ” ឬ “តំបន់ត្រួតពិនិត្យពិសេស” ដែលមានសរុបចំនួន៥៨៣ទីតាំង។

-->
យោងតាមការស្ទង់មតិបានឱ្យដឹងថា គេសង្កេតឃើញមានប្រតិបត្តិការទិញដីធ្លី និងសំណង់អគារចំនួន១៦.៨៦២កន្លែងរបស់ជនបរទេសស្ថិតនៅជិតតំបន់ត្រួតពិនិត្យពិសេសទាំងនោះ។
ក្នុងចំណោមនោះ បុគ្គល និងអង្គភាពបរទេសបានចូលរួមក្នុងប្រតិបត្តិការចំនួន៣៧១កន្លែង ឬស្មើនឹងចំណែកប្រមាណ២,២ភាគរយនៃចំនួនប្រតិបត្តិការសរុបទាំង១៦.៨៦២កន្លែង។
ក្នុងចំណោមបណ្តាអ្នកទិញជាជនបរទេស គេសង្កេតឃើញថា ជនបរទេសចំនួន៥៤,៧% មានប្រភពមកពីប្រទេសចិន ខណៈជនបរទេសចំនួន១៣,២ភាគរយមកពីកូរ៉េខាងត្បូង និងជនបរទេសចំនួន១២,៤%មកពីកោះតៃវ៉ាន់។

បណ្តាបុគ្គល និងអង្គភាពបរទេសទាំងអស់នោះបានទិញដីនៅក្នុងខេត្តចំនួន២០របស់ប្រទេសជប៉ុន ដែលការទិញដីភាគច្រើនមានទីតាំងនៅជិតទីស្នាក់ការកណ្តាល “Ichigaya” របស់ក្រសួងការពារជាតិក្នុងទីក្រុងតូក្យូ និងនៅជិតទីបញ្ជាការត្រួតពិនិត្យរបស់កងកម្លាំងស្វ័យការពារនៅក្នុងទីក្រុងតូក្យូផងដែរ។
ការស្ទង់មតិនេះត្រូវបានលាតត្រដាងបង្ហាញឱ្យដឹងកាលពីពេលថ្មីៗនេះនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុនស្តីពីការប្រើប្រាស់អចលនទ្រព្យក្នុងប្រទេសជប៉ុន៕ប្រភព: Japan Times៕
