ការសិក្សាថ្មី: គ្រួសារភាគច្រើននៅទីក្រុងហូជីមិញពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញដី និងផ្ទះក្នុងរយៈពេល២ឆ្នាំខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាបានរកឃើញថា គ្រួសារជាមធ្យមមួយនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម មានលទ្ធភាពបង់ប្រាក់បានត្រឹមតែពាក់កណ្តាលនៃតម្លៃផ្ទះ ឬដី ដែលខ្លួនចង់ទិញក្នុងរយៈពេល២ឆ្នាំខាងមុខ។

ចំពោះអាផាតមុិន គ្រួសារភាគច្រើនមានបំណងទិញអាផាតមុិន ដែលមានបន្ទប់គេងចំនួនពីរ និងទំហំ៦៥ម៉ែត្រការ៉េក្នុងតម្លៃចន្លោះពី៩០.០០០ដុល្លារទៅ៣១៥.០០០ដុល្លារអាមេរិក។នេះបើយោងតាមការសិក្សាថ្មីដោយវិទ្យាស្ថានសម្រាប់ការសិក្សាអភិវឌ្ឍន៍ក្នុងទីក្រុងហូជីមិញ។

ប៉ុន្តែ​ គ្រួសារភាគច្រើនពុំ​មាន​លទ្ធភាពគ្រប់គ្រាន់នោះទេ ដោយពួកគេមានសមត្ថភាពបង់ប្រាក់​ចំនួន៥៣ភាគរយប៉ុណ្ណោះនៃ​តម្លៃ​អាផាតមុិនខាងលើ។ ការសិក្សា​នេះក៏បានពិនិត្យមើល​តម្រូវការ​លំនៅដ្ឋាន​ចាប់ពី​ពេលនេះ​ដល់​ឆ្នាំ២០៣០ផងដែរ។

ចំពោះក្នុងករណីទិញផ្ទះ ផ្ទះទំហំ៦៦ម៉ែត្រការ៉េ ដែលមានតម្លៃចាប់ពី២,៨ពាន់លានដុងទៅ១៥ពាន់លានដុង ជាការចង់បានសម្រាប់គ្រួសារភាគច្រើន។ ប៉ុន្តែ ពួកគេអាចមានលទ្ធភាពបង់ប្រាក់ត្រឹមតែ៤៩% ប៉ុណ្ណោះនៃតម្លៃផ្ទះក្នុងក្តីស្រមៃ។

ដោយឡែក គ្រួសារ ដែល​មានបំណងទិញដី​ឡូតិ៍ក្នុង​តម្លៃចន្លោះ​ពី១,៧៤ពាន់លានដុងទៅ១០​ពាន់​លាន​ដុង អាច​បង់​ប្រាក់ត្រឹមតែ៦៨%ប៉ុណ្ណោះនៃតម្លៃដី ដែលពួកគេចង់ទិញក្នុងរយៈពេល២ឆ្នាំខាងមុខ។

យោងតាមការស្ទង់មតិពីមុនដោយវេទិកាចុះបញ្ជីអចលនទ្រព្យ Batdongsan បានរកឃើញថា បុគ្គលជាមធ្យម ដែលមានអាយុប្រហែល៣០ឆ្នាំត្រូវសន្សំប្រាក់ចំណូលសរុបចំនួន២៥,៨ឆ្នាំ ដើម្បីទិញអាផាតមុិនតម្លៃ៣ពាន់លានដុងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ប្រសិនបើតម្លៃបន្តស្ថិតនៅទ្រឹង៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here