ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមសន្និសីទការងារ ដែលរៀបចំឡើងដោយក្រុមនិយតករលំនៅដ្ឋានបានឱ្យដឹងថា ប្រទេសចិននឹងបន្តកិច្ចខិតខំប្រឹងប្រែងនៅឆ្នាំ២០២៥នេះ ដើម្បីស្តារស្ថិរភាព និងទប់ស្កាត់ការធ្លាក់ចុះបន្ថែមទៀតនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន។
សារពត៌មាន China Construction News បានរាយការណ៍ថា ប្រទេសចិននឹងជំរុញយ៉ាងខ្លាំងក្លានូវកំណែទម្រង់ប្រព័ន្ធលក់លំនៅដ្ឋានបែបពាណិជ្ជកម្ម និងពង្រីកវិសាលភាពនៃគម្រោងជួសជុលភូមិក្នុងទីក្រុងឱ្យលើសពីផែនការជួសជុលបន្ថែមចំនួន១លានយូនីត។
ប្រភពខាងលើបន្តថា ប្រទេសចិននឹងគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការផ្គត់ផ្គង់លំនៅដ្ឋាន ព្រមទាំងបង្កើនការផ្គត់ផ្គង់លំនៅដ្ឋានតម្លៃសមរម្យ ដើម្បីដោះស្រាយបញ្ហារស់នៅរបស់ប្រជាពលរដ្ឋថ្មី ក្រុមយុវជន និងពលករចំណាកស្រុកពីតំបន់ជនបទមកកាន់ទីក្រុងមួយចំនួនធំ។
-->

ក្រុមមន្ត្រីទទួលបន្ទុកលើការបង្កើតគោលនយោបាយបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យចិនកម្រើកឡើងវិញ តាមរយៈការដាក់ចេញនូវវិធានការថ្មីៗជាច្រើនដើម្បីលើកទឹកចិត្តតម្រូវការទិញផ្ទះ។
ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤ ការដាក់ចេញវិធានការ ដែលមានគោលដៅលើកទឹកចិត្តដល់ការទិញផ្ទះ រួមមានការកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងការបញ្ចុះប្រាក់កក់អប្បបរមា ក៏ដូចជាការលើកទឹកចិត្តផ្នែកពន្ធដើម្បីកាត់បន្ថយថ្លៃដើមនៃប្រតិបត្តិការលំនៅដ្ឋាន។
ក្រុមនិយតករលំនៅដ្ឋានបានលើកឡើងនៅក្នុងសិន្នសីទថា ទីផ្សារអចលនទ្រព្យចិនបានបង្ហាញពីស្ថិរភាព ខណៈការលក់ផ្ទះនៅក្នុងខែតុលា និងខែវិច្ឆិកាឆ្នាំ២០២៤កន្លងទៅ បានសម្រេចកំណើនទាំងក្នុងអត្រាប្រចាំឆ្នាំ និងអត្រាប្រចាំខែក្នុងរយៈពេលចំនួនពីរខែជាប់ៗគ្នា។
យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃផ្ទះនៅប្រទេសចិនក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្លាក់ចុះក្នុងល្បឿនយឺតបំផុតមិនធ្លាប់មានក្នុងរយៈពេល១៧ខែ បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការធ្វើឱ្យវិស័យអចលនទ្រព្យស្ទុះងើបឡើងវិញ៕ប្រភព: Reuters៕
