ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យអចលនទ្រព្យនៅក្នុងប្រទេសម៉ាឡេសុីត្រូវបានគេរំពឹងថា នឹងបន្តរក្សាសន្ទុះវិជ្ជមានរបស់ខ្លួននៅក្នុងឆ្នាំ២០២៥នេះ ដោយបន្តនូវដំណើរការយ៉ាងរឹងមាំកាលពីឆ្នាំ២០២៤។
ស្ថាប័នសិក្សាស្រាវជ្រាវ RHB Research បានលើកឡើងថា សន្ទស្សន៍តម្លៃអចលនទ្រព្យនៅក្នុងទីក្រុងគូឡាឡាំពួររបស់ម៉ាឡេសុីបានកើនឡើង៣១,៥ភាគរយនៅឆ្នាំ២០២៤ ក្រោយពីបានកើនឡើង៣៤,៥ភាគរយនៅក្នុងឆ្នាំ២០២៣។
នៅឆ្នាំ២០២៤ បណ្តាអ្នកអភិវឌ្ឍន៍ជាច្រើនបានចូលរួមចំណែកកាន់តែច្រើននៅក្នុងការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ (DC) និងប្រតិបត្តិការទិញដីធ្លី ក៏ដូចជាការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម។
-->

ជាពិសេស អ្នកអភិវឌ្ឍន៍ជាច្រើនបានងាកទៅទិញដីនៅក្នុងតំបន់ច្រករបៀងអភិវឌ្ឍន៍សេដ្ឋកិច្ច “Iskandar Malaysia”ដ៏សំខាន់ស្ថិតនៅក្នុងរដ្ឋ Johor ដែលជាព្រំប្រទល់រវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។
ស្ថាប័ន RHB Research បានវាយតម្លៃថា វិស័យអចលនទ្រព្យរបស់ម៉ាឡេសុីនៅក្នុងឆ្នាំ២០២៥ នឹងត្រូវបានជំរុញដោយការវិនិយោគលើអចលនទ្រព្យ ដែលអាចផ្តល់ប្រាក់ចំណូលអកម្មដល់អ្នកវិនិយោគ និងការវិនិយោគលើអាជីវកម្មដូចជាការថែទាំសុខភាព។

ស្ថាប័នខាងលើក៏រំពឹងផងដែរថា ទីផ្សារអចលនទ្រព្យម៉ាឡេសុីនឹងស្រូបទាញការចូលរួមចំណែកកាន់តែខ្លាំងពីផ្នែកឧស្សាហកម្ម ខណៈលោក ដូណាល់ ត្រាំ នឹងត្រឡប់ទៅកាន់សេតវិមានវិញក្នុងនាមជាប្រធានាធិបតីអាមេរិកទី៤៧។
លើសពីនេះ ប្រសិនបើគម្រោងតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរវាងទីក្រុងគូឡាឡាំពួរជាមួយទីក្រុងសិង្ហបុរី និងគម្រោងបង្កើតតំបន់ហិរញ្ញវត្ថុពិសេស Special Financial Zone (SFZ) ក្នុងរដ្ឋ Penang ត្រូវបានអនុវត្តន៍ នោះវានឹងជំរុញឱ្យទីផ្សារអចលនទ្រព្យម៉ាឡេសុីឈានឡើងមួយកម្រិតទៀត។
ការលក់អចលនទ្រព្យអាចកើនឡើងនៅឆ្នាំ២០២៥ ខណៈដែលស្ថាប័ន RHB Research រំពឹងថា បណ្តាអ្នកអភិវឌ្ឍន៍ភាគច្រើនកំណត់គោលដៅកំណើននៃការលក់របស់ខ្លួនចាប់ពី៥ភាគរយទៅដល់១០ភាគរយ៕ប្រភព: NST Online៕
