ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមការងាររដ្ឋ និងវិស័យឯកជន បានជួបពិភាក្សាគ្នា ដើម្បីរិះរកវិធីសាស្រ្ត លើការផ្តល់ឥណទានដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា។
កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្រោមអធិបតីភាពលោកសាយ សំអាល់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា សមាគមអចលនទ្រព្យ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារជាដើម។
កិច្ចប្រជុំនេះបានធ្វើកាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងគោលបំណងពិភាក្សា ដើម្បីពិភាក្សាលើចំណុចសំខាន់ៗចំនួន២ ដូចជា ទី១ ស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធីឯកភាព ក្នុងការផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងទិញលំនៅឋាន ទទួលបានកម្ចីមានការប្រាក់សមរម្យទទួលយកបាន ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជនក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល។
ទី២ ស្តាប់ និងពិភាក្សាស៊ីជម្រៅជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ដើម្បីអនុវត្តបានជោគជ័យ នូវគោលនយោបាយនេះ សំដៅផ្តល់លទ្ធភាព ឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានផ្ទះសម្បែងសមរម្យសម្រាប់រស់នៅ៕