ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមអ្នកជំនាញបាននិយាយថា តម្រូវការដីសម្រាប់អភិវឌ្ឍន៍តំបន់ឧស្សាហកម្ម នឹងកើនឡើងនៅឆ្នាំ២០២៥នេះ ស្របពេលនិន្នាការរបស់អ្នកអភិវឌ្ឍន៍រោងចក្រ ឧស្សាហកម្មកំពុងកើនឡើង។
អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd លោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា លោកស្រីបានទទួលព័ត៌មានមួយចំនួន ដែលរោងចក្រ ឧស្សាកម្ម និងតំបន់ឧស្សាហកម្មនានាកំពុងកើនឡើងនៅកម្ពុជា។
-->
លោកស្រីបន្តថា “តាមព័ត៌មានពីអ្នកនៅក្នុងវិស័យនេះ បានបង្ហើបឲ្យដឹងថា អ្នកវិនិយោគបរទេសជាច្រើន បានចូលមកកាន់កម្ពុជា និងខ្លះកំពុងស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យនេះ”។
ជាមួយគ្នានេះ លោកហឿន សំនៀងអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា មានកត្តាជាច្រើន ដែលកម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនពីវិស័យឧស្សាហកម្ម ដោយពេលោកប្រធានាធិបតីដូណាល់ ត្រាំឡើងកាន់អំណាចនៅថ្ងៃទី២០ មករា ខាងមុខ សង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិន និងជាមួយបណ្តាប្រទេសមួយចំនួនទៀត នឹងកើតមានឡើង ដែលធ្វើឲ្យរោងចក្រ សហគ្រាសនៅប្រទេសមួយចំនួន នឹងមកកាន់កម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត។

លោកបន្តថា “ជាមួយគ្នានេះ ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលម្ពុជា ការអនុគ្រោះនិងការលើកទឹកចិត្តជាច្រើន លើច្បាប់វិនិយោគថ្មី នឹងផ្តល់ឱកាសសម្រាប់កម្ពុជា”។ លោកបន្តថា “ការខិតខំរបស់ប្រមុខ រដ្ឋាភិបាលសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឲ្យកម្ពុជាត្រូវបានគេដឹងលឺទូលំទូលាយ ពីបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើង”។
លោកហឿន សំនៀងបានបន្តថា លើសពីនេះការដើរគោះទ្វារអ្នកវិនិយោគនៅអាមេរិក អឺរ៉ុប ចិន កូរ៉េ ជប៉ុនជាច្រើន បានធ្វើឲ្យគេស្គាល់កម្ពុជា ហើយជាលទ្ឋផលអ្នកវិនិយោគបរទេសកាន់តែច្រើន នឹងមកសិក្សានិងស្វែងរកឱកាសវិនិយោគនៅកម្ពុជានៅឆ្នាំនេះ៕
