ដោយ: គង់ លាងហួរ
ប៉េកាំង: ក្តីសង្ឃឹមរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសចិនសម្រាប់ឆ្នាំ២០២៥ ហាក់មានសន្ទុះ ខណៈការលក់ផ្ទះបានកើនឡើងនៅចុងឆ្នាំ២០២៤ បន្ទាប់ពីអាជ្ញាធរចិនប្តេជ្ញាទប់ស្កាត់តម្លៃផ្ទះមិនឱ្យធ្លាក់ចុះបន្ថែមទៀត។
ការលក់ផ្ទះជាមធ្យមនៅទូទាំងទីក្រុងធំៗចំនួន៣០ របស់ប្រទេសចិនបានកើនឡើង៨៦ភាគរយនៅក្នុងត្រីមាសទី៤ បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៤កន្លងទៅ។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន China Real Estate Information Corp (CRIC) ។
យោងតាមក្រុមហ៊ុន CRIC ដដែលបានឱ្យដឹងថា ការលក់ផ្ទះនៅក្នុងទីក្រុងខ្នាតយក្សទាំង៤ដូចជា រដ្ឋធានីប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និងទីក្រុងសិនជុិន បានកើនឡើង៣៥ភាគរយនៅក្នុងខែធ្នូ ឆ្នាំ២០២៤ធៀបនឹងឆ្នាំ២០២៣ ហើយបើធៀបនឹងមធ្យមភាគប្រចាំខែក្នុងត្រីមាសទី៣ ការលក់ក្នុងខែធ្នូបានកើនឡើង៨០ភាគរយ។
-->

ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍កំពូលទាំង១០០របស់ប្រទេសចិនបានរាយការណ៍នៅក្នុងខែធ្នូ ឆ្នាំមុនថា ការលក់ផ្ទះសរុបសម្រេចបានទំហំទឹកប្រាក់ចំនួន៤៥១,៤ពាន់លានយ័ន (ប្រហែល៦១,៨ពាន់លានដុល្លារ) កើនឡើងជាង២៤ភាគរយធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៤។
លោក Ding Zuyu នាយកប្រតិបត្តិនៃក្រុមហ៊ុន E-House China Enterprise Holdings បានអះអាងថា “នេះជាសញ្ញាដ៏សំខាន់បំផុតមួយដែលបង្ហាញពីស្ថិរភាព។ ការលក់ផ្ទះមាននិន្នាការកើនឡើង បន្ទាប់ពីគោលនយោបាយលើកទឹកចិត្តនានាត្រូវបានបង្ហាញ”។
លោក Ding បានបន្តទៀតថា “ការផ្លាស់ប្ដូរដ៏ធំមួយនឹងកើតមានឡើងនៅឆ្នាំ២០២៥នេះ។ តម្លៃផ្ទះថ្មីត្រូវបានគេរំពឹងថា នឹងកើនឡើងដល់កម្រិតក្នុងឆ្នាំ២០១៩ ហើយតម្លៃផ្ទះប្រភេទទី២នឹងកើនឡើងដល់កម្រិតក្នុងឆ្នាំ២០១៧”។

លោក Lynn Song ប្រធានសេដ្ឋវិទូប្រចាំតំបន់ Greater China នៅក្រុមហ៊ុន ING បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយថា “យើងគិតថា តម្លៃអចលនទ្រព្យនឹងធ្លាក់ចុះដល់បាតនៅឆ្នាំ២០២៥ ហើយវានឹងងើបឡើងវិញសន្សឹមៗ”។
ដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យ និងពង្រឹងសេដ្ឋកិច្ចជាតិ ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តកំពូលនៃគណៈបក្សកុម្មុយនិស្តចិនបានប្តេជ្ញាធ្វើឱ្យទីផ្សារលំនៅដ្ឋានមានស្ថិរភាព និងទប់ស្កាត់តម្លៃផ្ទះមិនឱ្យធ្លាក់ចុះបន្ថែមទៀត៕ប្រភព: SCMP៕