ដោយ: គង់ លាងហួរ
អន្តរជាតិ: ខណៈឆ្នាំ២០២៤បានកន្លងផុតទៅ សារពត៌មាន CNN របស់សហរដ្ឋអាមេរិកបានបង្ហាញនូវគម្រោងសំណង់ស្ថាបត្យកម្មយ៉ាងអស្ចារ្យចំនួន១១នៅលើពិភពលោក ដែលគ្រោងនឹងលេចរូបរាងឡើងនៅក្នុងឆ្នាំ២០២៥នេះ។
នៅក្នុងចំណោមគម្រោងស្ថាបត្យកម្មដ៏៏អស្ចារ្យទាំង១១នោះ ក៏រួមមានគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោនៅកម្ពុជាផងដែរ។

-->
សារពត៌មាន CNN បានសរសេររៀបរាប់នៅក្នុងអត្ថបទរបស់ខ្លួនថា “ប្រទេសកម្ពុជាកំពុងសាងសង់ព្រលានយន្តហោះថ្មី ដែលមានលទ្ធភាពទទួលភ្ញៀវទេសចរណ៍បានច្រើនជាងព្រលានយន្តហោះអន្តរជាតិភ្នំពេញចំនួន៦ដង”។
ព្រលានយន្តហោះថ្មីជាផ្នែកមួយនៃផែនការប្រកបដោយមហិច្ឆតារបស់ប្រទេសកម្ពុជាក្នុងការជំរុញចំនួនភ្ញៀវទេសចរណ៍ និងប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់។

នៅក្នុងដំណាក់កាលដំបូង អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនឹងមានសមត្ថភាពទទួលអ្នកដំណើរចំនួន១៣លាននាក់ក្នុងមួយឆ្នាំ ហើយចំនួននេះនឹងកើនឡើងដល់៣០លាននាក់នាពេលអនាគត។
សារពត៌មាន CNN បានសរសេរបន្តថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតក្នុងចម្ងាយប្រមាណ២០គីឡូម៉ែត្រ ភាគខាងត្បូងនៃរាជធានីភ្នំពេញនឹងក្លាយជាអាកាសយានដ្ឋានមួយក្នុងចំណោមបណ្តាអាកាសយានដ្ឋានធំបំផុតនៅតំបន់អាស៊ាន។

យោងតាមក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners របស់អង់គ្លេសបានឱ្យដឹងថា គម្រោងផលិតថាមពល តាមរយៈការបង្កើតកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនៅនឹងកន្លែង ក៏បានធ្វើឱ្យអាកាសយានដ្ឋានដ៏ធំរបស់កម្ពុជាស្ថិតក្នុងចំណោមតំបន់បៃតងបំផុតរបស់ពិភពលោក។
ចំណែក គម្រោងស្ថាបត្យកម្មដ៏អស្ចារ្យផ្សេងទៀត រួមមាន អគារ New Sydney Fish Market នៅទីក្រុងស៊ីដនីនៃប្រទេសអូស្ត្រាលី អគារ Grand Ring នៅទីក្រុងអូសាកានៃប្រទេសជប៉ុន សាលារៀន Canadian School នៅទីក្រុង Cholula របស់ប្រទេសកាណាដា និងអគារ Life and Mind Building នៅសាកលវិទ្យាល័យ Oxford របស់ប្រទេសអង់គ្លេសជាដើម៕ប្រភព: CNN៕
