បណ្តាអ្នកវិនិយោគចិនកំពុងផ្តោតលើសក្តានុពលរបស់តំបន់សេដ្ឋកិច្ចពិសេសរវាងប្រទេសម៉ាឡេសុី និងសិង្ហបុរី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore Special Economic Zone (SEZ) រវាងរដ្ឋ Johor របស់ប្រទេសម៉ាឡេសុី និងប្រទេសសិង្ហបុរីកំពុងត្រូវបានប្រែក្លាយទៅជាតំបន់ដ៏មានសក្តានុពលសម្រាប់ការវិនិយោគ និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

តំបន់សេដ្ឋកិច្ចពិសេសមិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាក្រុមហ៊ុននានាក្នុងប្រទេសសិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញការចាប់អារម្មណ៍ជាច្រើនពីអ្នកធុរកិច្ចចិនដែលគ្រោងពង្រីកប្រតិបត្តិការរបស់ពួកគេ។

រដ្ឋ Johor បានក្លាយជាទីចាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនចិនជាច្រើនរួចទៅហើយ ខណៈកិច្ចព្រមព្រៀងផ្លូវការដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះរំពឹងថា នឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអង្គារ ទី៧ ខែមករាស្អែកនេះ។

ការចុះហត្ថលេខារួមគ្នានេះគ្រោងនឹងធ្វើឡើងនៅក្នុងកំឡុងពេលនៃជំនួបក្រៅផ្លូវការប្រចាំឆ្នាំលើកទី១១រវាងនាយករដ្ឋមន្ត្រីម៉ាឡេសុីលោក Anwar Ibrahim និងសមភាគីសិង្ហបុរីលោក Lawrence Wong។

ជំនួបក្រៅផ្លូវការនេះ (Leaders’ Retreat) ជាវេទិកាដ៏សំខាន់មួយសម្រាប់នាយករដ្ឋមន្ត្រីម៉ាឡេសុី និងសិង្ហបុរីដើម្បីកំណត់ទិសដៅរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេរភាគី និងកំណត់វិធីសាស្ដ្រថ្មីៗដើម្បីបង្កើនការតភ្ជាប់បន្ថែមទៀត សំដៅផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនសិង្ហបុរី និងម៉ាឡេស៊ី។

លោក Lee Ting Han ប្រធានគណៈកម្មាធិការទទួលបន្ទុកផ្នែកវិនិយោគ ពាណិជ្ជកម្ម កិច្ចការអ្នកប្រើប្រាស់ និងធនធានមនុស្សប្រចាំរដ្ឋ Johor បានលើកឡើងថា “រដ្ឋស្ថិតនៅភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ីមួយនេះបានក្លាយជាគោលដៅវិនិយោគរបស់បណ្តាក្រុមហ៊ុនចិន”។

បណ្តាក្រុមហ៊ុនចិនទាំងនោះសង្ឃឹមថា លំហូរអ្នកដំណើរ និងការដឹកជញ្ជូនទំនិញនឹងត្រូវបានធ្វើឱ្យប្រសើរឡើង តាមរយៈការបន្តបង្កើនការអភិវឌ្ឍន៍ស្ពាន“Causeway” ដែលតភ្ជាប់រវាងទីក្រុងសិង្ហបុរី ជាមួយរដ្ឋ Johor។

ការណ៍នេះនឹងអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនចិនចូលទៅកាន់ប្រព័ន្ធដឹកជញ្ជូនរបស់សិង្ហបុរីកាន់តែមានប្រសិទ្ធភាព និងជួយសម្រួលដល់ការធ្វើដំណើរកាន់តែងាយស្រួលសម្រាប់ដៃគូអាជីវកម្ម៕ប្រភព: The Business Times ៕

LEAVE A REPLY

Please enter your comment!
Please enter your name here