ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងបាងកកជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃ និងជាទីចាប់អារម្មណ៍របស់ជនបរទេសក្នុងការទិញផ្ទះ ឬខុនដូ ព្រោះទីក្រុងនេះមានរបៀបរស់នៅដ៏ទាន់សម័យ និងប្រព័ន្ធដឹកជញ្ជូនសាធារណៈខ្វាត់ខ្វែង។
យោងតាមកាសែតថៃ Bangkok Post បានដកស្រង់ចុះផ្សាយថា តំបន់ “Bang Na-Lat Krabang” ជាទីតាំងទិញខុនដូដ៏ទាក់ទាញ និងមានតម្រូវការខ្ពស់ជាងគេបំផុតទី១ នៅក្នុងទីក្រុងបាងកក ដោយសារតំបន់នេះមានទីតាំងនៅជិតសាកលវិទ្យាល័យ និងតំបន់ឧស្សាហកម្ម។

-->
ខុនដូនៅក្នុងតំបន់ Bang Na-Lat Krabang មានតម្លៃលក់ជាមធ្យមចំនួន៦៩.០០០បាត(ប្រហែល១.៩៩១ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។នេះបើយោងតាមប្រភពពីក្រុមហ៊ុនប្រឹក្សាស្រាវជ្រាវអចលនទ្រព្យ Terra Media and Consulting។
ចំណាត់ថ្នាក់ទី២ បានទៅលើតំបន់“Ramkhamhaeng-Bang Kapi” ដោយសារតំបន់នេះមានទីតាំងនៅជិតខ្សែរថភ្លើងធំៗ។ ខុនដូនៅតំបន់នេះមានតម្លៃជាមធ្យមចំនួន១០៥.០០០បាត(ប្រហែល៣.០៣០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ចំណាត់ថ្នាក់ទី៣ បានទៅលើតំបន់ “Rangsit-Ku Kot”ដែលមានភូមិសាស្ត្រនៅជិតសាកលវិទ្យាល័យ និងផ្លូវរថភ្លើងលើអាកាស។ តម្លៃខុនដូជាមធ្យមនៅតំបន់ Rangsit-Ku Kot មានទំហំទឹកប្រាក់ចំនួន៦៧.០០០បាត(ប្រហែល១.៩៣៤ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។
ចំណែកឯ ចំណាត់ថ្នាក់ទី៤ បានទៅលើតំបន់ “Kaset-Ram Intra” ដែលត្រូវបានជំរុញជាចម្បង ដោយសារមធ្យោបាយដឹកជញ្ជូនងាយស្រួលជាច្រើន។ តម្លៃខុនដូនៅតំបន់នេះត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យមចំនួន៨៥.០០០បាត(ប្រហែល២.៤៥៣ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Bangkok Post៕
