ប្រទេសចិនបង្កើនការព្យាយាមដើម្បីដណ្តើមចំណែកទីផ្សារយន្តហោះពីក្រុមហ៊ុន Boeing និង Airbus របស់លោកខាងលិច

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កាសែតអង់គ្លេស Financial Times បានរាយការណ៍ថា ប្រទេសចិនកំពុងព្យាយាមដណ្តើមចំណែកនៃទីផ្សារយន្តហោះពីក្រុមហ៊ុនយក្សដូចជាក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន Airbus របស់តំបន់អឺរ៉ុប។

បច្ចុប្បន្ន ក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរដំបូងគេរបស់ប្រទេសចិន Comac កំពុងស្វែងរកអាជ្ញាបណ្ណ ដើម្បីអាចឱ្យយន្តហោះម៉ាក C919 របស់ខ្លួនអាចហោះហើរហួសពីដែនអាកាសរបស់ប្រទេសចិនជាផ្លូវការ។

លោក Yang Yang អគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារ និងការលក់របស់ក្រុមហ៊ុនរដ្ឋចិន Comac បានថ្លែងប្រាប់កាសែត Financial Times ថា ក្រុមហ៊ុនមានគោលបំណងធ្វើឱ្យយន្តហោះនេះមានសិទ្ធិហោះហើរនៅតំបន់អាស៊ាននៅឆ្នាំ២០២៦ និងព្យាយាមស្វែងរកវិញ្ញាបនបត្រទទួលស្គាល់ពីសហភាពអឺរ៉ុបនៅដើមឆ្នាំ២០២៥នេះ។

លោក Yang បន្តថា Comac នឹងបើកដំណើរការយន្តហោះរបស់ខ្លួនឱ្យហោះហើរកាន់តែច្រើននៅក្នុងប្រទេសចិន ដើម្បីកំណត់ឱ្យបានហ្មត់ចត់នូវបញ្ហាណាមួយដែលអាចកើតមាន មុនពេលនាំយកយន្តហោះរបស់យើងទៅកាន់តំបន់អាស៊ាន។

យន្តហោះ C919 ជាគម្រោងដ៏សំខាន់មួយក្នុងផែនការជំរុញរបស់លោកប្រធានាធិបតីចិន សុី ជីនពីង Xi ដើម្បីបង្កើនខ្សែសង្វាក់តម្លៃបច្ចេកវិទ្យារបស់ប្រទេសចិន ក្នុងគោលដៅឈានទៅរកការប្រកួតប្រជែងជាមួយក្រុមហ៊ុន Boeing និងក្រុមហ៊ុន Airbus របស់លោកខាងលិច។

បញ្ហាហិរញ្ញវត្ថុ និងការពន្យារពេលក្នុងការប្រគល់យន្តហោះរបស់ក្រុមហ៊ុន Boeing ទៅឱ្យអតិថិជន បូករួមទាំងបញ្ហាកង្វះខាតផ្នែកម៉ាស៊ីន និងគ្រឿងបន្លាស់របស់ក្រុមហ៊ុន Airbus បានជះផលប៉ះពាល់ដល់វិស័យអាកាសចរណ៍ពិភពលោក និងផ្តល់ក្តីសង្ឃឹមសម្រាប់ក្រុមហ៊ុនចិន Comac ដែលជាអ្នកចំណូលថ្មីក្នុងការប្រឡូកក្នុងឧស្សាហកម្មផលិតយន្តហោះ។

យោងតាមការព្យាករណ៍របស់ក្រុមហ៊ុន Airbus បានបង្ហាញថា ពិភពលោកនឹងត្រូវការយន្តហោះថ្មីចំនួន៤២.៤៣០គ្រឿងក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ៕ប្រភព: Financial Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here