វៀតណាមគ្រោងបោះទុន២០០ពាន់លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីក្រុងហូជីមិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា ទីក្រុងហូជីមិញត្រូវការដើមទុនចំនួន២០០ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខដើម្បីបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ទីក្រុង។

ផែនការអភិវឌ្ឍន៍នេះបានគូសបញ្ជាក់អំពីគម្រោងសំខាន់ៗ ដោយទាមទារឱ្យមានការប្រមូលធនធានពីប្រជាជន អ្នកធុរកិច្ចក្នុងស្រុក និងបរទេស ដើម្បីអនុវត្តន៍ផែនការរបស់ទីក្រុងហូជីមិញឱ្យដំណើរការទៅមុខ។

យោងតាមផែនការនៅឆ្នាំ២០៣០ ទីក្រុងហូជីមិញមានគោលបំណងប្រែក្លាយខ្លួនទៅជាទីក្រុងសកល ដែលមានកម្លាំងពលកម្មប្រកបដោយគុណភាពខ្ពស់ វិស័យសេវាកម្ម និងឧស្សាហកម្មទំនើប និងជាមជ្ឈមណ្ឌលឈានមុខគេផ្នែកសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍សង្គម។

ទីក្រុងហូជីមិញបានកំណត់គោលដៅប្រាក់ចំណូលជាមធ្យមសម្រាប់ប្រជាជនម្នាក់ៗយ៉ាងតិចចំនួន៣៨៥លានដុងក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០៣០ និងបង្កើនចំនួនប្រជាជនអចិន្ត្រៃយ៍ឱ្យកើនឡើងដល់ចំនួន១១លាននាក់។

ផែនការនេះក៏បានគូសបញ្ជាក់ផងដែរអំពីការអភិវឌ្ឍន៍បណ្តាញដឹកជញ្ជូន រួមមានផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែសមុទ្រ អាកាសយានដ្ឋាន ប្រព័ន្ធទិន្នន័យចរាចរណ៍ និងកំពង់ផែស្ងួត។

គម្រោងសំខាន់ៗរួមមាន ការកសាងផ្លូវតាមបណ្តោយដងទន្លេ Saigon ពីស្រុក Cu Chi ទៅកាន់តំបន់ Can Gio ជាយក្រុងហូជីមិញ និងផ្លូវឆ្នេរសមុទ្រភាគខាងត្បូង។ ផែនការនេះក៏រួមបញ្ចូលការស្ថាបនាផ្លូវដែកថ្មី និងខ្សែរថភ្លើងនៅក្នុងទីក្រុងចំនួន១២ខ្សែ។

នាយករដ្ឋមន្ត្រីវៀតណាមរូបនេះបានទទួលស្គាល់អំពីភាពជោគជ័យនៃការបើកដាក់ឱ្យប្រើប្រាស់ខ្សែរថភ្លើងក្រោមដី Ben Thanh-Suoi Tien ដែលជាប្រភេទរថភ្លើងក្រោមដីដំបូងបង្អស់ទីមួយក្នុងទីក្រុងហូជីមិញ ដោយលោកបានលើកទឹកចិត្តឱ្យទីក្រុងហូជីមិញស្វែងយល់បន្ថែមអំពីសក្តានុពលនៃទីធ្លាក្រោមដីរបស់ខ្លួន។

លោកក៏បានបង្ហើបឱ្យដឹងផងដែរពីការពិភាក្សាគ្នាជាមួយកំពូលមហាសេដ្ឋីវៀតណាមលោក Pham Nhat Vuong ប្រធានក្រុមហ៊ុនឯកជនធំបំផុតរបស់វៀតណាម Vingroup អំពីការសាងសង់ប្រព័ន្ធរថភ្លើងក្រោមដីពីទីប្រជុំជនកណ្តាលទីក្រុងហូជីមិញទៅកាន់សង្កាត់ជាយក្រុង Can Gio៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here