ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រើប្រាស់មនុស្សយន្ត ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបជាន់ខ្ពស់ដើម្បីបង្កើនប្រសិទ្ធភាព និងពន្លឿនការស្ថាបនាទីក្រុងអនាគតធំៗនៅលើតំបន់វាលខ្សាច់ដ៏ធំល្វឹងល្វើយ ក្រោមចក្ខុវិស័យប្រកបដោយមហិច្ឆតា។
ជាក់ស្តែង គម្រោងទីក្រុងខ្នាតយក្ស Neom នឹងអាចដឹកនាំផែនការជំរុញរបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដែលពឹងផ្អែកលើធនធានប្រេងទៅកាន់វិស័យទេសចរណ៍ ខណៈការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនឹងត្រូវបានកាត់បន្ថយដោយជៀសមិនរួចនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលស្ថិតនៅក្រោមក្របខណ្ឌនៃគម្រោងទីក្រុង Neom នេះរួមមានទីក្រុង “The Line” និងអគារភ្លោះខ្ពស់កប់ពពក “Epicon” ។
-->

ជាធម្មតា ការស្ថាបនាគម្រោងខ្នាតយក្សបែបនេះត្រូវចំណាយសម្ភារៈច្រើន ហើយក៏ទាមទារកម្លាំងពលកម្មច្រើនផងដែរ។
ដើម្បីកាត់បន្ថយទាំងចំនួនសម្ភារៈសំណង់ និងកម្លាំងមនុស្ស ប្រទេសមហាសេដ្ឋីប្រេងមួយនេះបានងាកទៅប្រើប្រាស់មនុស្សយន្តស្វ័យប្រវត្តិដើម្បីជួយពន្លឿនប្រសិទ្ធិភាព និងពេលវេលា។
ជាក់ស្ដែង មូលនិធិវិនិយោគ Neom (NIF) ក្នុងនាមជាស្ថាប័នវិនិយោគយុទ្ធសាស្ត្ររបស់គម្រោងទីក្រុង Neom បានបោះទុនវិនិយោគយ៉ាងធំនៅក្នុងក្រុមហ៊ុនផលិតមនុស្សយន្តរបស់អឺរ៉ុប GMT Robotics។
លោក Ulrich Deichmann នាយកប្រតិបត្តិក្រុមហ៊ុន GMT Robotics បានលើកឡើងថា “អត្ថប្រយោជន៍នៃការប្រើប្រាស់មនុស្សយន្តនៅក្នុងវិស័យសំណង់មានច្រើនណាស់ រួមមានការបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃចំណាយប្រតិបត្តិការ កែលម្អសុខភាព និងសុវត្ថិភាព និងបង្កើនភាពបត់បែននៃការរចនាម៉ូដ”៕ប្រភព: New Atlas៕
