ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៥ឆ្នាំខាងមុខជាពេលវេលាស័ក្តិសមមួយ សម្រាប់ការវិនិយោគលើវិស័យអចលនវត្ថុនានានៅកម្ពុជា ប៉ុន្តែសំណួរសំខាន់ថាតើគួរវិនិយោគលើអចលនទ្រព្យអ្វី ដើម្បីទទួលបានផលចំណេញច្រើន និងបញ្ចៀសហានិភ័យ។
លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី៩ ខែធ្នូ នេះថា សម្រាប់គំនិតរបស់លោកគិតថា រយៈពេល៥ឆ្នាំក្រោយ គួរតែទិញដីទុកសម្រាប់អ្នកមានលទ្ឋភាព ហើយបើចង់សាងសង់ខុនដូគួរទិញនៅតំបន់ទួលគោក និងភ្នំពេញថ្មី តំបន់ជ្រោយចង្វារជាដើម។ លោកបន្តថា ប៉ុន្តែប្រសិនជាចង់ទិញដីសាងសង់បុរី លោកគិតថាគួរទិញដីដែលមានចម្ងាយ៣០គីឡូម៉ែត្រជុំវិញក្រុងភ្នំពេញ នៅស្របតាមខ្សែក្រវ៉ាត់ក្រុងទី២ ហើយបើគិតដល់រយៈពេល១០ឆ្នាំក្រោយ ទិញដីស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រពីភ្នំពេញ មិនខុសនោះទេ។
-->
លោកបន្តថា “តម្លៃដីធ្លីនៅតំបន់ជុំវិញក្រុងនឹងកើនឡើងខ្លាំង ដោយសារកំនើនប្រជាសាស្រ្ត កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលប្រជាពលរដ្ឋ”។ លោកបន្តថា “តាមការព្យាករណ៍បានរកឃើញថា ប្រជាជនក្រុងភ្នំពេញនឹងកើនឡើងដល់៧លាននាក់នៅឆ្នាំ២០៣០ ហើយខ្ញុំយល់ស្រប”។ លោក គីម ហ៊ាង បានបន្តថា បទពិសោធន៍បែបនេះ បានកើតមានរួចហើយ នៅប្រទេសម៉ាឡេស៊ី ថៃ វៀតណាម ដែលប្រជាជន ពិសេសយុវជនចូលមកកាន់ទីក្រុងរកការងារធ្វើ និងមកសិក្សា ហើយពួកគេនឹងមិនត្រលប់ទៅវិញនោះទេ។

អ្នកនាង Grace Rachny Fong នាយិកាគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Century21 Mekong បានថ្លែងឲ្យដឹងផងដែរថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ សេវាអាផាតម៉ិននឹងកើនឡើងខ្លាំង ដោយសារការផ្លាស់ប្តូរខុនដូមកកាន់សេវាអាផាតម៉ិន ហើយផ្សារទំនើបៗនឹងកើនឡើងកាន់តែច្រើន ពិសេសខេត្តព្រះសីហនុ និងក្រុងភ្នំពេញ នឹងមានការរីកលូតលាស់នូវសណ្ឋាគារលំដាប់ផ្កាយ៥ ឬផ្កាយ៦ ។

អ្នកនាងបន្តថា ប្រសិនជានិយាយពីឳកាសវិនិយោគវិញ អ្នកមានលទ្ឋភាពគួរទិញដីធ្លីទុកយកចំណេញ ប៉ុន្តែគួររកទីតាំងល្អ ដោយត្រូវពិនិត្យមើលលើតម្រូវការជំវិញ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ឋ គំរោងវិនិយោគលើវិស័យម្ហូបអាហារ និងភេសជ្ជៈនានា ដែលសុទ្ឋតែជាសកម្មភាពអភិវឌ្ឍន៍ធ្វើឲ្យតម្លៃដីឡើងថ្លៃ។ អ្នកនាង Grace Rachny Fongban បន្តថា “អ្នកវិនិយោគគួរសម្លឹងមើលដីនៅតាមបណ្តោយផ្លូវជាតិលេខ១ លេខ២ និងទីតាំងមួយចំនួនទៀត ដែលមានសក្តានុពល”៕
