ភ្ញៀវទេសចរណ៍ក្នុងតំបន់អាស៊ានផ្តល់អាទិភាពលើនិន្នាការចំនួន៣សំខាន់ៗនៅឆ្នាំ២០២៥នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការស្ទង់មតិរបស់វេទិកា Agoda បានបង្ហាញពីនិន្នាការសំខាន់ៗនៅក្នុងចំណោមភ្ញៀវទេសចរណ៍អាស៊ាននៅឆ្នាំ២០២៥ ដោយផ្តោតលើការសម្រាកលំហែកាយ ការធ្វើដំណើរបែបគ្រួសារ និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើផែនការ និងកក់ដំណើរកំសាន្ដ។

Agoda បានរកឃើញថា អ្នកដំណើរជូនជាតិឥណ្ឌូនេស៊ីចំនួន៥៨ភាគរយមានគម្រោងធ្វើដំណើរជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេនៅឆ្នាំនេះ ដែលជាអត្រាខ្ពស់បំផុតនៅតំបន់អាស៊ាន។

 

ចំណែក នៅប្រទេសវៀតណាម ចំនួន៣៩ភាគរយនៃអ្នកឆ្លើយសំណួរបានបង្ហាញពីគោលបំណងដើរលេងកំសាន្តជាមួយក្រុមគ្រួសារ ខណៈចំនួន៦៥% នៃអ្នកធ្វើដំណើរជនជាតិវៀតណាមបានផ្តល់អាទិភាពដល់ការសម្រាកលំហែកាយ។

ដោយឡែក ការស្ទង់មតិខាងលើបានបង្ហាញទៀតថា ប្រជាជនសិង្ហបុរីចំនួន៨៧ភាគរយ បានលើកឡើងថា ការសំរាកលំហែជាហេតុផលចម្បងសម្រាប់ការធ្វើដំណើររបស់ពួកគេ។

រីឯ ប្រទេសហ្វីលីពីននាំមុខគេផ្នែកទេសចរណ៍ ដែលផ្សារភ្ជាប់ជាមួយក្រុមអ្នកធ្វើការលើផ្នែកឌីជីថល ដោយអ្នកឆ្លើយសំណួរម្នាក់ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន១៤នាក់រំពឹងថា នឹងធ្វើការពីចម្ងាយ នៅពេលធ្វើដំណើរកំសាន្ត។

បច្ចេកវិទ្យាក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការរៀបចំផែនការធ្វើដំណើរ ដោយប្រជាជនវៀតណាមចំនួន៧៨ភាគរយ គ្រោងនឹងប្រើប្រាស់កម្មវិធី App នានាសម្រាប់កក់ដំណើរកំសាន្តរបស់ពួកគេនៅក្រៅប្រទេស។

នៅទូទាំងតំបន់ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានបន្តជំរុញការរៀបចំផែនការធ្វើដំណើរ ខណៈប្រជាជនម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ទទួលរងឥទ្ធិពលបំផុតពីវេទិកាសង្គមដូចជា Instagram ជាដើម៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here