ផែនការ​មហិច្ឆតា​របស់​ទីក្រុងហុងកុង​ក្នុង​ការ​សាងសង់​កោះ​សិប្បនិមិត្ត​ចំនួន៣ ប្រឈមមុខនឹងការពន្យារពេល​

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផែនការប្រកបដោយមហិច្ឆិតារបស់តំបន់រដ្ឋបាលពិសេសទីក្រុងហុងកុងលើការសាងសង់កោះសិប្បនិមិត្តចំនួន៣ ក្រោមទុនវិនិយោគប្រមាណ៧៤,៦ពាន់លានដុល្លារអាមេរិក អាចនឹងត្រូវពន្យារពេលបន្ថែមទៀត។

ការព្រួយបារម្ភនេះកើតឡើង បន្ទាប់ពីមន្ត្រីទទួលបន្ទុកលើការអភិវឌ្ឍន៍បានបដិសេធមិនបញ្ជាក់ពីកាលបរិច្ឆេទចាប់ផ្តើមការងារចាក់បំពេញដីទៅក្នុងសមុទ្រ ស្របពេលឱនភាពថវិកាកើនឡើង។

ថ្មីៗនេះ ក្រោយពីអាជ្ញាធរហិរញ្ញវត្ថុហុងកុងបានព្រមានពីការរឹតបន្តឹងការចំណាយនាពេលខាងមុខ លេខាធិការទទួលបន្ទុកលើការអភិវឌ្ឍន៍លោកស្រី Linn Hon-ho បានអះអាងថា គម្រោងមួយចំនួនដូចជា កោះសិប្បនិម្មិត Northern Metropolis ដែលគ្រោងសាងសង់នៅតាមបណ្តោយព្រំដែនគួរតែត្រូវបានផ្តល់អាទិភាព។

ដើមឡើយ រដ្ឋបាលទីក្រុងហុងកុងសង្ឃឹមថា នឹងចាប់ផ្តើមចាក់បំពេញផ្ទៃដីទំហំ១ពាន់ហិកតានៅជាប់កោះ Kau Yi Chau ក្នុងឆ្នាំ២០២៧។ ប៉ុន្តែ កាលពីថ្ងៃអង្គារ ទី៧ ខែមករា លោកស្រី Linn Hon-ho បានបដិសេធមិនបញ្ជាក់ឱ្យបានច្បាស់់ពីកាលបរិច្ឆេទចាប់ផ្តើមនោះទេ។

លោកស្រី​ Linn បាន​មានប្រសាសន៍ឱ្យដឹងក្នុង​អំឡុងពេល​ជួប​ជាមួយក្រុមអ្នក​សារព័ត៌មាន​​ថា​ “យើង​មិន​ចាំ​បាច់​កំណត់​កាលបរិច្ឆេទ​ពិត​ប្រាកដ​សម្រាប់​ការ​ចាប់​ផ្តើម​ការងារ​ឥឡូវ​នេះ​ទេ។ អ្វីដែលសំខាន់បំផុត យើងត្រូវរៀបចំឱ្យបានល្អ”។

លោកស្រីបានសង្កត់ធ្ងន់ថា រដ្ឋបាល​ហុងកុងនឹង​បន្ត​ត្រៀមរៀបចំ​​ការងារ​ចាក់បំពេញដីនេះ​ ដោយ​កត់សម្គាល់​ថា​ នីតិវិធីច្បាប់នៃការ​ដាក់​របាយការណ៍​ស្តីពីការវាយតម្លៃ​ផលប៉ះពាល់​លើបរិស្ថាន​កំពុង​តែដំណើរការ​។

លោកស្រីបន្ថែមថា “នៅពេលយើងរៀបចំបានល្អប្រសើរ រដ្ឋបាលហុងកុងអាចបន្តដំណើរទៅមុខ។ បន្ទាប់មក យើងនឹងពិចារណាពីបរិយាកាសសេដ្ឋកិច្ច និងស្ថានភាពហិរញ្ញវត្ថុនៅពេលនោះ ដើម្បីសម្រេចចិត្តថា តើគម្រោងនេះគួរអនុវត្តន៍នៅពេលណា និងអនុវត្តន៍ដោយរបៀបណា?”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here