ដោយៈ គង់ សូរិយា
ភ្នំពេញៈ គំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំៗ នៅតែជាអាទិភាពរបស់រដ្ឋាភិបាល ដោយច្បាប់ថវិកាជាតិឆ្នាំ២០២៥នេះ បានផ្តល់អាទិភាព ដល់គំរោងសាងសង់ស្ពានឆ្លងកាត់ទន្លេរសាប ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ។
យោងតាមច្បាប់ថវិកាជាតិឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលកម្ពុជាទើបប្រកាសដាក់ឲ្យប្រើប្រាស់ បានលើកពីគម្រោងអភិវឌ្ឍន៍សាធារណៈសំខាន់ៗ ដូចជាផ្នែកអប់រំ សុខាភិបាល ធារាសាស្ត្រ វិស័យទឹកស្អាត អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានជាដើម ដែលត្រូវការកម្ចីថវិកាប្រមាណជាង ២ ពាន់លានដុល្លារពីដៃគូអភិវឌ្ឍន៍។
-->
គម្រោងអភិវឌ្ឍន៍សំខាន់ៗនៅឆ្នាំ ២០២៥ របស់រដ្ឋាភិបាល ក៏បានលើកពីគម្រោងអាទិភាព លើការស្ថាបនាផ្លូវជាតិលេខ៥០C ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ រួមទាំងស្ពានឆ្លងទន្លេសាបផងដែរ។
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចានថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានជំរុញឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនដែលមានលោក ប៉េង ពោធិ៍នា ជារដ្ឋមន្រ្តីខិតខំពន្លឿននីតិវិធីក្នុងការអនុវត្ត គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗចំនួន១២គម្រោង ដែលជាឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។

ក្នុងចំណោមនោះ គ៏មានគម្រោងសាងសង់ផ្លូវជាតិលេខ៥០ សេ និងស្ពានឆ្លងកាត់ទន្លេសាប ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ។
លោកស៊ុន ចាន់ថុល ដែលជាអតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្នុងចំណោមគម្រោងសំខាន់ៗ អាទិភាពទី១ ដែលលោកផ្តល់អនុសាសន៍ ដល់ក្រសួងសាធារណការនិងដឹកជញ្ជូនខិតខំសម្រេចឲ្យបាន គឺគម្រោងសាងសង់ផ្លូវជាតិ៥០C ដែលប្រើប្រាស់ថវិកាពីរដ្ឋាភិបាលចិន ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ដោយត្រូវចរចាតម្លៃជាមួយមិត្តចិន ដើម្បីអាចឈានទៅបើកការដ្ឋានសាងសង់ឲ្យបានឆាប់បំផុត។
គម្រោងសាងសង់ផ្លូវជាតិលេខ៥០សេ និងស្ពានឆ្លងទន្លេតភ្ជាប់ពីកំពង់ឆ្នាំងទៅកំពង់ធំ ធ្លាប់ត្រូវបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០១៩ ដើម្បីធ្វើការសិក្សាធ្វើយ៉ាងណាមិនត្រូវឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានប្រកាសគម្រោងនេះ គឺជាគម្រោងអាទិភាពសម្រាប់ឆ្នាំ២០២៤ ខណៈដែលផ្លូវមួយខ្សែនេះ ជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មានឆ្លងកាត់កណ្តាលប្រទេសកម្ពុជា ដែលអាចបំព្រួញចម្ងាយធ្វើដំណើរពីជាង១០០គីឡូម៉ែត ឲ្យនៅសល់ត្រឹមតែ៥៨គីឡូម៉ែត គិតពីទីរួមខេត្តកំពង់ឆ្នាំង មកកាន់ផ្លូវជាតិលេខ៦ នៃក្រុងស្ទឹងសែនខេត្តកំពង់ធំ។
គម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ គ្រោងប្រើប្រាស់ឥណទានសម្បទាន ពីសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងទទួលបន្ទុកស្ថាបនា ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងត្រួតពិនិត្យគម្រោង ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។
គម្រោងផ្លូវ និងស្ពាននេះ មានសារៈសំខាន់ណាស់ ដើម្បីតភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ មានប្រវែង៥៨គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ១៥០លានដុល្លារអាមេរិក ព្រមជាមួយការសាងសង់ស្ពានប្រវែង៣.៣០០ម៉ែត្រមួយទៀត ដែលគ្រោងចំណាយថវិកាប្រមាណ១០០លានដុល្លារអាមេរិក៕
