ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Terra Media and Consulting បានព្យាករណ៍ថា ទីផ្សារលំនៅដ្ឋានរបស់ប្រទេសថៃនឹងធ្លាក់ចុះចាប់ពី៥ភាគរយទៅ១០ភាគរយ នៅឆ្នាំ២០២៥នេះ ខណៈអតិថិជនវ័យក្មេងពន្យារពេលលើការទិញផ្ទះ ដោយសារការថយចុះនៃទំនុកចិត្តផ្នែកសេដ្ឋកិច្ច។
យោងតាមការស្ទង់មតិថ្មីៗនេះបានរកឃើញថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់នៅប្រទេសថៃបានបន្តធ្លាក់ចុះមកនៅត្រឹមចំនួន៧២ពិន្ទុក្នុងឆ្នាំ២០២៤ បើធៀបនឹងចំនួន៧៦ពិន្ទុ ក្នុងឆ្នាំ២០២៣ និងចំនួន៧៩ពិន្ទុ ក្នុងឆ្នាំ២០២២។
លោកស្រី Sumitra Wongpakdee នាយកគ្រប់គ្រងក្រុមហ៊ុន Terra Media and Consulting បានលើកឡើងថា ទោះបីជាមានការព្រួយបារម្ភអំពីសេដ្ឋកិច្ចយ៉ាងណាក្តី អ្នកប្រើប្រាស់យល់ថា ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេនឹងប្រសើរឡើងនៅឆ្នាំ២០២៥។
-->

ប៉ុន្តែ ការសម្រេចចិត្ដទិញផ្ទះកំពុងត្រូវបានពន្យារពេល ដោយសារការខ្វះទំនុកចិត្ត ទោះបីជាប្រជាជនថៃបង្ហាញការចាប់អារម្មណ៍លើការទិញយ៉ាងណាក្តី។ ការណ៍នេះកំពុងរួមចំណែកដល់ការបង្កើតភាពមិនច្បាស់លាស់នៅក្នុងទីផ្សារ។
លោកស្រី Sumitra បញ្ជាក់ថា “ទីផ្សារលំនៅដ្ឋានក្នុងត្រីមាសទី១ ឆ្នាំ២០២៥ អាចនៅតែមានការធ្លាក់ចុះ ដោយសារមិនទាន់មានសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចច្បាស់លាស់នៅឡើយ”។
យោងតាមការស្ទង់មតិតាមអុីនធឺណេតរបស់ក្រុមហ៊ុន Terra បានបង្ហាញថា ក្នុងចំណោមអ្នកមានបំណងទិញផ្ទះចំនួន៣.៧០០នាក់ ក្នុងនោះមនុស្សចំនួន២.៥០០នាក់បានបង្ហាញការព្រួយបារម្ភខ្លាំងបំផុតចំពោះស្ថានភាពសេដ្ឋកិច្ចថៃក្នុងរយៈពេល១២ខែបន្ទាប់។
នៅពេលត្រូវបានសាកសួរអំពីការទិញផលិតផលដែលមានតម្លៃខ្ពស់ដូចជាអចលនទ្រព្យ និងរថយន្ត ក្រុមអ្នកចូលរួមក្នុងការស្ទង់មតិខាងលើបានផ្តល់ពិន្ទុលើទំនុកចិត្តចំនួន៦៤ពិន្ទុ ធ្លាក់ចុះ១ភាគរយ។
ផ្ទុយទៅវិញ ទំនុកចិត្តលើស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេក្នុងរយៈពេល១២ខែបន្ទាប់មានកម្រិតខ្ពស់បំផុតចំនួន៩៥ពិន្ទុធៀបនឹងពិន្ទុពេញចំនួន១០០ពិន្ទុ ៕ប្រភព: Bangkok post៕
