បណ្តាអ្នកវិនិយោគបរទេសមកពីប្រទេសចំនួន៣ គ្រោងបោះទុនសាងសង់លំនៅដ្ឋានចំនួន៦លានយូនីតនៅឥណ្ឌូនេសុី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកវិនិយោគបរទេសជាច្រើន រួមមានមកពីប្រទេសចិន ប្រទេសកាតា និងប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានបង្ហាញពីការត្រៀមខ្លួននៅក្នុងការបណ្តាក់ទុនវិនិយោគលើការសាងសង់ផ្ទះចំនួន៦លានយូនីតនៅប្រទេសឥណ្ឌូនេសុី។

លោក Hashim Djojohadikusumo ប្រធានក្រុមការងារលំនៅដ្ឋានសាធារណៈនៃរដ្ឋាភិបាលឥណ្ឌូនេសុីបានអះអាងថា រដ្ឋាភិបាលមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះការសាងសង់ផ្ទះចំនួន៣លានយូនីតក្នុងមួយឆ្នាំៗ តាមរយៈក្រសួងលំនៅដ្ឋានសាធារណៈ។ បណ្តាវិនិយោគិនបរទេសកំពុងជួយធានានូវភាពជោគជ័យនៃគម្រោងនេះ។

លោក Hashim បានបង្ហាញក្តីសង្ឃឹមថា “ឥណ្ឌូនេស៊ីនឹងបញ្ចប់ការសាងសង់អាផាតមុិន និងផ្ទះចំនួន១៥លានយូនីតក្នុងរយៈពេល៥ឆ្នាំនៃអាណត្តិដឹកនាំប្រទេសរបស់ប្រធានាធិបតីលោក Prabowo Subianto”។

លោកបន្ថែមថា អ្នកវិនិយោគមកពីប្រទេសចិន កាតា និងអារ៉ាប់រួម បានប្តេជ្ញាវិនិយោគលើការសាងសង់ផ្ទះចំនួន៦លានយូនីតនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ានមួយនេះ។

ជាក់ស្ដែង កាលពីថ្ងៃទី៨ ខែមករា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ជាមួយអ្នកវិនិយោគមកពីប្រទេសកាតាដើម្បីសាងសង់ផ្ទះតម្លៃសមរម្យចំនួនមួយលានយូនីត។

តាមរយៈ MoU នេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងនឹងផ្តល់ដីសម្រាប់សាងសង់អាផាតមុិន ខណៈដែលអ្នកវិនិយោគកាតានឹងក្លាយជាអ្នកម៉ៅការ និងមានតួនាទីផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ។

ក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំមុន លោក Prabowo បានប្តេជ្ញាថា រដ្ឋាភិបាលរបស់លោកនឹងសាងសង់លំនៅដ្ឋានចំនួន៣លានយូនីតក្នុងមួយឆ្នាំៗនៅតាមភូមិ និងទីក្រុងនានាទូទាំងប្រទេស។

ទន្ទឹមនឹងនេះ លោក Maruarar Sirait រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានសាធារណៈបានទម្លាយឱ្យដឹងថា ក្នុងអំឡុងរយៈពេលពីរខែដំបូងនៃការដឹកនាំក្រោមរដ្ឋបាលរបស់លោក Prabowo ផ្ទះថ្មីចំនួន៣៤.០០០យូនីតត្រូវបានសាងសង់ឡើងរួចហើយ៕ប្រភព: Jakarta Globe & Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here