ការសិក្សា: ពលរដ្ឋកាន់លិខិតឆ្លងដែនកម្ពុជាអាចធ្វើដំណើរទៅកាន់បណ្តាប្រទេសចំនួន៥៣ ដោយគ្មានទិដ្ឋាការនៅដើមឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនអង់គ្លេស Henley & Partners ប្រចាំដើមឆ្នាំ២០២៥ បានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេស ដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលលំដាប់ទី៨នៅក្នុងតំបន់អាស៊ាន ដោយនាំមុខបណ្តាប្រទេសចំនួន៣ រួមមានវៀតណាម ឡាវ និងមីយ៉ាន់ម៉ា។

ក្រុមហ៊ុន Henley & Partners អះអាងថា “ពលរដ្ឋ ដែលកាន់លិខិតឆ្លងដែនរបស់កម្ពុជាអាចធ្វើដំណើរចូលទៅកាន់គោលដៅ ឬបណ្តាប្រទេសចំនួន៥៣ ដោយមិនចាំបាច់មានទិដ្ឋាការ”។

ដោយឡែក សិង្ហបុរីទទួលបានងារជាប្រទេស ដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក និងក្នុងតំបន់អាស៊ាន ខណៈពលរដ្ឋសិង្ហបុរីអាចធ្វើដំណើរចូលទៅកាន់បណ្តាប្រទេស និងដែនដីចំនួន១៩៥ ដោយគ្មានទិដ្ឋាការ។ នេះបើយោងតាមរបាយការណ៍“Henley Global Mobility Report”។

ប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ២ក្នុងតំបន់អាស៊ាន ខណៈពលរដ្ឋម៉ាឡេសុីអាចធ្វើដំណើរចូលទៅកាន់គោលដៅចំនួន១៨៣ប្រទេស ដោយគ្មានទិដ្ឋាការ តាមពីក្រោយដោយប្រទេសប្រ៊ុយណេដែលពលរដ្ឋប្រ៊ុយណេមានលទ្ធភាពធ្វើដំណើរចូលទៅកាន់គោលដៅចំនួន១៦៦ប្រទេស ដោយមិនចាំបាច់កាន់ទិដ្ឋាការ។

ប្រទេសទីម័រខាងកើតជាប់ចំណាត់ថ្នាក់ទី៤ ជាមួយនឹងសិទ្ធិអាចធ្វើដំណើរចូលទៅកាន់គោលដៅចំនួន៩៧ប្រទេស ដោយមិនចាំបាច់មានទិដ្ឋាការ។

ប្រទេស​ថៃ​ ដែល​មានសេដ្ឋកិច្ច​ពឹង​ផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​បាន​ជាប់​ចំណាត់​ថ្នាក់​ទី​៥ក្នុង​តំបន់​ ដោយ​អ្នក​កាន់​លិខិត​ឆ្លង​ដែន​របស់​ថៃអាច​ធ្វើដំណើរចូល​ទៅ​កាន់​គោលដៅ​ចំនួន៨២ប្រទេស ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ។

ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ាន ជាប់ចំណាត់ថ្នាក់ទី៦ ដែលពលរដ្ឋឥណ្ឌូនេសុីអាចធ្វើដំណើរចូលទៅកាន់គោលដៅចំនួន៧៦ប្រទេស ដោយគ្មានទិដ្ឋាការ។

ជាមួយគ្នានេះ ពលរដ្ឋកាន់លិខិតឆ្លងដែនរបស់ប្រទេសហ្វីលីពីនអាចចូលទៅកាន់បណ្តាប្រទេសចំនួន៦៧ ជុំវិញពិភពលោក ដោយមិនចាំបាច់មានទិដ្ឋាការ ដោយដាក់ចំណាត់ថ្នាក់របស់ប្រទេសហ្វីលីពីននៅលេខរៀងទី៧។

ចំណែក ប្រទេសវៀតណាមឈរនៅលេខរៀងទី៩ បន្ទាប់ពីកម្ពុជា ខណៈពលរដ្ឋកាន់លិខិតឆ្លងដែនរបស់វៀតណាមអាចធ្វើដំណើរចូលទៅកាន់បណ្តាប្រទេសចំនួន៥១ ជុំវិញពិភពលោក ដោយមិនចាំបាច់មានទិដ្ឋាការ។

រីឯ ប្រទេសឡាវឈរនៅលេខរៀងទី១០ ខណៈពលរដ្ឋកាន់លិខិតឆ្លងដែនរបស់ឡាវអាចធ្វើដំណើរចូលទៅកាន់បណ្តាប្រទេសចំនួន៤៩ ជុំវិញពិភពលោកដោយមិនចាំបាច់មានទិដ្ឋាការ។

ប្រទេសមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់លេខ១១ចុងក្រោយគេ ដែលក្នុងនោះពលរដ្ឋកាន់លិខិតឆ្លងដែនរបស់មីយ៉ាន់ម៉ាអាចធ្វើដំណើរចូលទៅកាន់បណ្តាប្រទេសចំនួន៤៦ ជុំវិញពិភពលោកដោយមិនចាំបាច់មានទិដ្ឋាការ៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here