ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ Juwai IQI អះអាងថា តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (JS-SEZ) ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។
លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Juwai IQI លើកឡើងថា “រដ្ឋ Johor នឹងទទួលបានលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) សកម្មភាពផលិតកម្ម ទេសចរណ៍ និងសកម្មភាពអចលនទ្រព្យ”។
លោកបានបន្តថា កំណើននេះនឹងជះឥទ្ធិពលរាលដាលទៅកាន់ប្រទេសម៉ាឡេស៊ីទាំងមូល ដោយពង្រីកវិសាលភាពអត្ថប្រយោជន៍កាន់តែធំ។
-->

អ្នកជំនាញរូបនេះបានអះអាងថា“នៅក្នុងសេណារីយ៉ូវិជ្ជមាន កំណើនសេដ្ឋកិច្ចរបស់រដ្ឋ Johor នឹងកើនឡើងកាន់តែលឿនជាងមុន។ រដ្ឋនេះនឹងជួយបង្កើនផលទុនជាតិសរុប (GDP) របស់ម៉ាឡេសុីចន្លោះពី០,៥%ទៅ០,៩%ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ”។
លោកបានបញ្ជាក់ថា “នោះមានន័យថា តំបន់សេដ្ឋកិច្ចពិសេសថ្មី អាចចាក់បញ្ចូលទំហំទឹកប្រាក់ចន្លោះពី១០,៨ពាន់លានរីងហ្គីតទៅ១៩,៨ពាន់លានរីងហ្គីត ទៅក្នុងសេដ្ឋកិច្ចជាតិរបស់ប្រទេសម៉ាឡេស៊ីក្នុងរយៈពេល១០ឆ្នាំខាងមុខ”។

ទាក់ទងនឹងវិស័យអចលនទ្រព្យ លោក Kashif បានបញ្ជាក់ថា តំបន់ JS-SEZ នឹងទាក់ទាញក្រុមហ៊ុន និងអ្នកវិនិយោគកាន់តែច្រើនទៅកាន់រដ្ឋ Johor។ ដូច្នេះ ការណ៍នេះនឹងបង្កើនតម្រូវការលំនៅដ្ឋាន ការិយាល័យ ឧស្សាហកម្ម និងភស្តុភារ ព្រមទាំងជំរុញតម្លៃដីធ្លីសម្រាប់ការអភិវឌ្ឍន៍ផងដែរ។
លោកបន្តទៀតថា “នៅពេលដែលលំហូរទំនិញ ប្រជាជន និងអាជីវកម្មរវាង រដ្ឋ Johor និងសិង្ហបុរី ត្រូវបានសម្រួលឱ្យកាន់តែរលូន នោះសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនឹងកើនឡើង”។
លោកបានមានប្រសាសន៍ឱ្យដឹងបន្ថែមថា “បណ្តាក្រុមហ៊ុននានានឹងមិនចាំបាច់ជ្រើសរើសថា តើខ្លួនគួរវិនិយោគនៅប្រទេសម៉ាឡេស៊ី ឬសិង្ហបុរីនោះទេ ពីព្រោះតំបន់ JS-SEZ នឹងផ្តល់ឱ្យក្រុមហ៊ុនទាំងនោះនូវគុណសម្បត្តិរួមគ្នារបស់ប្រទេសទាំងពីរ បូករួមទាំងការលើកទឹកចិត្តបន្ថែម”៕ប្រភព: NST Online៕
