រដ្ឋាភិបាលជប៉ុន និងវិស័យឯកជនកំពុងបោះទុនវិនិយោគក្នុងវិស័យអវកាស ដើម្បីប្រជែងនឹងក្រុមហ៊ុនអាមេរិក SpaceX

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Toyota របស់ប្រទេសជប៉ុនកំពុងបណ្តាក់ទុនវិនិយោគ៤៤លានដុល្លារនៅក្នុងក្រុមហ៊ុនរ៉ុក្កែតជប៉ុន Interstellar Technologies ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្ស SpaceX របស់កំពូលមហាសេដ្ឋីពិភពលោក លោក Elon Musk ។

ក្រុមហ៊ុនផលិតរថយន្តមួយនេះមានគោលបំណងជួយដល់ក្រុមហ៊ុនរ៉ុក្កែតជប៉ុន Interstellar Technologies ក្នុងការផលិតរ៉ុក្កែត ដែលមានតម្លៃទាប សំដៅពង្រីកទីផ្សារអវកាសពាណិជ្ជកម្ម។

ការវិនិយោគនេះគូសបញ្ជាក់ឱ្យឃើញអំពីមហិច្ឆិតារបស់រដ្ឋាភិបាលជប៉ុនក្នុងការជំរុញវិស័យអវកាសក្នុងស្រុករបស់ខ្លួន ដែលពិបាកប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្ស ដូចជា SpaceX ជាដើម។

ករណីបាញ់បង្ហោះគ្រាប់រ៉ុក្កែតដោយជោគជ័យរបស់ប្រទេសជប៉ុននៅតែមានចំនួនតិចតួច បើប្រៀបធៀបនឹងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ ឬចំនួនជាង១០០គ្រាប់ក្នុងមួយឆ្នាំៗ។

ក្រុមហ៊ុនជប៉ុន Interstellar Technologies មានគោលបំណងបាញ់បង្ហោះរ៉ុក្កែតឱ្យបានចំនួន៣០គ្រាប់ក្នុងមួយឆ្នាំៗ នៅដើមទសវត្សរ៍ឆ្នាំ២០៣០។ ប៉ុន្តែ ក្រុមហ៊ុននេះបានទទួលស្គាល់ពីតម្រូវការចាំបាច់លើការផ្លាស់ប្តូររចនាសម្ព័ន្ធនៃឧស្សាហកម្មអវកាសរបស់ប្រទេសជប៉ុន។

ក្រុមហ៊ុន Interstellar Technologies គ្រោងនឹងប្រើប្រាស់ជំនាញផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Toyota ដើម្បីជំរុញដំណើរការផលិតគ្រាប់រ៉ុក្កែតប្រកបដោយគុណភាពខ្ពស់ សន្សំសំចៃ និងអាចផ្លាស់ប្ដូរទំហំរ៉ុក្កែតបាន។

រដ្ឋាភិបាលជប៉ុនក៏បានផ្តល់ការគាំទ្រដល់វិស័យនេះផងដែរ ដោយបានបង្កើតមូលនិធិយុទ្ធសាស្រ្តក្នុងទំហំទឹកប្រាក់ចំនួន១ទ្រីលានយ៉េន(ប្រមាណ៦,៣ពាន់លានដុល្លារ)សម្រាប់ជួយក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្មថ្មី(Startups) ក្រុមហ៊ុនផលិត និងស្ថាប័នស្រាវជ្រាវ ដែលទាក់ទងនឹងលំហអវកាស៕ប្រភព: The Times Of India៕

LEAVE A REPLY

Please enter your comment!
Please enter your name here