តម្លៃជួលការិយាល័យនៅរដ្ឋធានីម៉ានីល រំពឹងបន្តធ្លាក់ចុះជាង៣ភាគរយបន្ថែមទៀតនៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលការិយាល័យនៅទីក្រុងម៉ានីល រដ្ឋធានីនៃប្រទេសហ្វីលីពីន ត្រូវបានគេព្យាករណ៍ថា នឹងបន្តធ្លាក់ចុះបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥នេះ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យពាណិជ្ជកម្មពិភពលោក។

នៅក្នុងរបាយការណ៍ចុងក្រោយបង្អស់របស់ខ្លួនស្តីពីទស្សនវិស័យនៃទីផ្សារការិយាល័យនៅតំបន់អាសុីប៉ាសុីហ្វិកសម្រាប់ឆ្នាំ២០២៥ ក្រុមហ៊ុន Cushman & Wakefield បានព្យាករណ៍ថា តម្លៃជួលការិយាល័យជាមធ្យមនៅទីក្រុងម៉ានីលនឹងធ្លាក់ចុះ៣,២ភាគរយបន្ថែមទៀតនៅឆ្នាំ២០២៥។

ក្រុមហ៊ុន Cushman & Wakefield បានបញ្ជាក់ថា និន្នាការនៃការបន្តធ្លាក់ចុះនេះកើតមានឡើង បន្ទាប់ពីតម្លៃជួលការិយាល័យជាមធ្យមបានធ្លាក់ចុះ២,៨ភាគរយនៅចន្លោះឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ និងការកើនឡើងនៃចំនួនការិយាល័យទំនេរ។

យោងតាមតួលេខថ្មីចុងក្រោយបំផុតបានបង្ហាញថា តម្លៃជួលជាមធ្យមនៃការិយាល័យប្រណីត និងការិយាល័យលំដាប់ A នៅទីក្រុងម៉ានីល បានបិទនៅត្រឹមចំនួន១.០០៣ប៉េសូ(ប្រហែលដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែនៅត្រីមាសទី៤ ធ្លាក់ចុះ០,៦៧ភាគរយបើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៤កន្លងទៅ។

ក្រុមហ៊ុន Cushman & Wakefield បានបន្តថា “ដោយសារតែកំណើននៃទំហំការិយាល័យ ដែលត្រូវបានទុកទំនេរចោល ដោយសារការបិទទ្វារនៃបណ្តាក្រុមហ៊ុនល្បែងសុីសងបរទេស តម្រូវការការិយាល័យសុទ្ធ(Net Absorption) ប្រចាំឆ្នាំបានធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹមចំនួន១.៥០០ម៉ែត្រការ៉េ ក្នុងឆ្នាំ២០២៤ បើធៀបនឹងចំនួនប្រមាណ២៧១.២៥០ម៉ែត្រការ៉េ ក្នុងឆ្នាំ២០២៣”។

យ៉ាងណាមិញ ក្រុមហ៊ុន Cushman & Wakefield បានព្យាករណ៍ថា តម្រូវការការិយាល័យសុទ្ធប្រចាំឆ្នាំជាមធ្យមនឹងកើនឡើង៣៦ភាគរយចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ បើធៀបនឹងកម្រិតតម្រូវការសុទ្ធជាមធ្យមនៅចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២៤៕ប្រភព: Philstar៕

LEAVE A REPLY

Please enter your comment!
Please enter your name here