ដោយៈ គង់ សូរិយា
កំពង់ធំៈ រដ្ឋាភិបាល បានជួយគាំទ្រដល់ការចុះបញ្ជីដីព្រៃសហគមន៍ព្រៃឈើចំនួន៨ ដែលមានផ្ទៃដីទំហំ១២,៩៨៤ហិកតា និងបានជីកប្រឡាយសិប្បនិម្មិត តាមព្រំសហគមន៍ព្រៃឈើបានប្រវែង២៧,៥០៨ម៉ែត្រកាលពីឆ្នាំ២០២៤កន្លងមក។
ការចុះបញ្ជី និងជីកប្រឡាយនេះ គឺដើម្បីសុវត្ថិភាពដីព្រៃ ដែលអាចជួយការពារ ដីពីការទន្ទ្រានយកដោយខុសច្បាប់ ការទប់ស្កាត់បទល្មើសព្រៃឈើផ្សេងៗ ក៏ដូចជាកាត់បន្ថយជម្លោះដីធ្លីផងដែរ។
-->
សហគមន៍ព្រៃឈើ ដែលត្រូវបានចុះបញ្ជី និងទទួលបានប្លង់រឹងរួចហើយ គម្រោងបានគាំទ្រដល់ការដាក់ស្លាកសម្គាល់ និងស្លាកព័ត៌មានស្តីពី ការចុះបញ្ជីនេះ ជូនសហគមន៍ពាក់ព័ន្ធឱ្យបានដឹង។

នេះជាការផ្តល់ព័ត៌មានដល់សាធារណៈជនថា សហគមន៍ទាំងនោះត្រូវបានចុះបញ្ជី ដោយជោគជ័យ និងត្រូវបានការពារយ៉ាងពេញលេញដោយច្បាប់ស្តីពីព្រៃឈើ ច្បាប់ភូមិបាល និងលិខិតបទដ្ឋានផ្សេងៗទៀត ដែលចេញដោយរដ្ឋាភិបាល ទាក់ទងនឹងការចុះបញ្ជីដីសហគមន៍ព្រៃឈើ។
គម្រោងរេដបូក ទំរីង (Tumring REDD+Project) គឺជាគម្រោងរួមរបស់ប្រទេសកូរ៉េខាងត្បូង និងកម្ពុជា ស្ថិតក្នុងស្រុកសណ្ដាន់ និងស្រុកសន្ទុកខេត្តកំពង់ធំ ដែលអនុវត្តលើផ្ទៃទំហំ ៦៧ ៧៩១ហិកតា។ ក្រៅពីជួយការពារដីព្រៃសហគមន៍ និងជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននោះ គម្រោងនេះអាចកាត់បន្ថយការបញ្ចេញឧស្ម័ន កាបូនិចប្រចាំឆ្នាំបានចំនួន ៣៧៨,៤៣៤តោនផងដែរ តាមការប៉ាន់ស្មាន។

គម្រោងរេដបូក ទំរីងបានឱ្យដឹងថា នៅក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ គម្រោងគាំទ្រដល់សកម្មភាពរបស់ក្រុមមន្រ្តី។ ក្នុងនោះ រួមមាន មន្ត្រីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានកងកម្លាំងផងដែរ។
នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ ក្រុមមន្រ្តីបានចាប់រឹបអូសបានវត្ថុតាង ដូចជា រណាយន្ត៣៩គ្រឿង គោយន្ត១១គ្រឿង ម៉ូតូ៣៥គ្រឿង ឈើអា១២,៨ម៉ែត្រគូប ដកហូតដីព្រៃ១ ៩៦៥ហិកតា ដកកូនឈើដាំខុសច្បាប់ ៥៥៥ ៣០៣ដើម បំផ្លាញខ្ទម និងឡធ្យូង១០៥ និងចងក្រងបណ្តឹងទៅតុលាការបាន១៨ករណីផងដែរ។
គម្រោងក៏បានកំពុងតែ ជួយអភិវឌ្ឍជីវភាពសហគមន៍ ដោយការផ្ដល់ឡជីវឧស្ម័នដល់សមាជិកសហគមន៍ព្រៃឈើ សរុប៦៦ មកពី៦៦គ្រួសារ និងបានជួយជួសជុល និងថែទាំសូឡាបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យដល់សហគមន៍ផងដែរ។
ក្រៅពីនោះ ក្នុងឆ្នាំ២០២៤នេះផងដែរ គម្រោងបានគាំទ្រសហគ្រាសទិញលក់ជ័រទឹកអូរដាស់ស្គ ដោយសហគ្រាសបានទទួលទិញជ័រទឹកចំនួន៤ ៥៩៣គីឡូក្រាម ពីសមាជិកសហគមន៍។
សហគមន៍ព្រៃឈើទាំង៨ ដែលត្រូវបានចុះបញ្ជីរួចនេះ គឺស្ថិតក្នុងចំណោមព្រៃសហគមន៍ចំនួន១៤ នៅក្នុងគម្រោងរេដបូកទំរីង ដែលមានទំហំដីព្រៃសរុបចំនួន១៩,៤៩៣ហិកតា។
ក្រុមការងារគ្រប់គ្រងគម្រោងរេដបូកទំរីង នៃរដ្ឋបាលព្រៃឈើ ក៏បាននឹងកំពុងតែ ជម្រុញការចុះបញ្ជីដីព្រៃសហគមន៍បន្ត និងស្ថានីយ៍ស្ដារ និងផ្សព្វផ្សាយព្រៃឈើ និងការងារអនុវត្ដច្បាប់ស្ដីពីព្រៃឈើ និងសត្វព្រៃក្នុងតំបន់គម្រោង ដោយសហការជាមួយកម្លាំងពាក់ព័ន្ធ។
បន្ថែមពីនោះ ក្រុមការងារក៏រៀបចំការស្ដារព្រៃឈើឡើងវិញលើដីស្ថានីយ៍ស្ដារព្រៃឈើ និងផ្សព្វផ្សាយ និងព្រៃសហគមន៍ក្នុងតំបន់គម្រោង និង ការងាររៀបចំតំបន់អទិភាពរបស់គម្រោងដើម្បីការពារព្រៃឈើធម្មជាតិ កំណត់តំបន់ស្តារព្រៃឈើឡើងវិញជាអទិភាព កំណត់តំបន់អភិវឌ្ឍ ដើម្បីបង្កើនជីវភាពរបស់សមាជិកសហគមន៍ ក្នុងតំបន់គម្រោងផងដែរ៕
