ឯកអគ្គរដ្ឋទូតៈ ភ្ញៀវទេសចរណ៍ចិននឹងមកទស្សនាកម្ពុជាកើនឡើងខ្ពស់នៅឆ្នាំ២០២៥នេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​​​ចិនប្រចាំកម្ពុជា លោកWang Wenbin ​បាន​សន្យា​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ ​ឱ្យ​កាន់​តែ​ប្រសើរ​ជាមួយ​កម្ពុជា ហើយជឿថា​ចំនួន​ជន​ជាតិ​ចិន​​​ធ្វើ​ដំណើរ​មក​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៥ នេះ​ នឹង​មាន​ចំនួន​ច្រើន​លើស​ពី​ឆ្នាំ​ ២០២៤ ដែល​មាន​ប្រមាណ៨០​ម៉ឺន​នាក់​។

នៅ​ក្នុង​ជំនួប​ជាមួយ​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេស​ចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក ប្រចាំ​នៅ​កម្ពុជា​(PATA) កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​មករា លោក Wang Wenbin បាន​លើក​ឡើង​ថា ស្ថានទូត​ចិន​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ក្នុង​ការ​ធ្វើការ​ជាមួយ​សមាគម​ទេសចរណ៍​នានា​នៅ​កម្ពុជា រួម​ទាំង PATA ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេរភាគី ​ឱ្យ​កាន់​តែប្រសើរ ជាពិសេស​នឹង​ជំរុញ​លើក​ទឹក​ចិត្ត​ភ្ញៀវ​ទេសចរ​ចិន ​ឱ្យ​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា ​​​កាន់​តែ​ច្រើន​លើស​ពី​ឆ្នាំ​ ២០២៤ ដែល​មាន​ប្រមាណ៨០ម៉ឺននាក់​។ ​

លោក Wenbin បាន​ថ្លែង​បានបញ្ជាក់ថា “ខ្ញុំ​មាន​ជំនឿ​ថា​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​នឹង​កើន​ឡើង​ច្រើន​ក្នុង​ឆ្នាំថ្មី ២០២៥​ នេះ។ យើង​មាន​ឆន្ទះ​ក្នុង​ការ​ធ្វើការ​ជាមួយPATA និង​ស្ថាប័ន​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​ឱ្យ​ការ​សហ​ប្រតិបត្តិការ ​ក្នុង​វិស័យ​ទេសចរណ៍​ រវាង​ប្រទេស​ទាំងពីរ​ការ​តែ​មាន​ភាព​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព”។

បន្ថែម​ពីលើ​នេះ​ លោក ​Wenbin ក៏បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ​ទៅ​ដល់​ភ្ញៀវ​ទេសចរ​ចិន ដោយ​កម្ពុជា ​គឺ​ជា​​​ប្រទេស​ដែល​មាន​សុវត្ថិភាពល្អ និង​មាន​គោលដៅ​ទេសចរណ៍​​ជាច្រើន​​ទាំង​បែប​វប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ និង​រមណីយដ្ឋាន​កែច្នៃ​។

យោងតាមទិន្នន័យផ្លូវ​ការ​របស់​​ក្រសួង​ទេសចរណ៍​ បានឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា-​ខែ​វិច្ឆិកា ឆ្នាំ២០២៤ ភ្ញៀវ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប៦លាន​នាក់​ កើន​ឡើង២២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣។ ជនជាតិ​ចិន ​ឈរ​នៅ​លំដាប់​ទី៣ ដែល​ចូល​មក​កម្ពុជា​ច្រើន​ជាង​គេ ដោយមាន​ចំនួន​សរុប៧៦៩ ៧៧៥នាក់​ កើន​ឡើង​៥៤,៥ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ២០២៣។

ជនបរទេស​ដែល​ចូល​មក​កម្ពុជា​ច្រើន​ជាង​គេ គឺមក​ពី​ប្រទេស​ថៃ ចំនួន​១,៩១ លាន​នាក់​ និង​ទី២ ជនជាតិ​វៀតណាម១,២ លាន​នាក់​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក ប្រចាំ​នៅ​កម្ពុជា លោក ធួន ស៊ីណាន បាន​មានប្រសាសន៍ឲ្យដឹងថា ជំនួបនេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ និង​ស្វែង​យល់​ពី​គ្នា​ឱ្យ​បាន​កាន់​តែ​ច្រើន​ក្នុង​ន័យ​ពង្រឹង និង​ពង្រីក​​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ទេសចរណ៍ និង​ការ​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ចិន-​កម្ពុជា។

លោក​បន្ត​ថា “កម្ពុជា​មាន​ភាព​ចាំបាច់​ក្នុង​ការសិក្សា និង​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ថ្មីៗ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ ឱ្យ​មក​កម្សាន្ត​បាន​ច្រើន ខណៈ​គ្រប់​ប្រទេស​លើ​ពិភពលោក​ ក៏​កំពុង​ខិតខំ​ខ្លាំង​ផងដែរ​លើ​កិច្ចការ​នេះ​”។

លោក​បាន​ថ្លែង​ថា ​ភ្ញៀវ​ជនជាតិ​ចិន​ គឺ​សំខាន់​សម្រាប់​គ្រប់​ប្រទេស ដោយ​​ប្រទេស​ណា​ក៏​ត្រូវការ​ដែរ ព្រោះ​ប្រជាជន​ចិន​មាន​ចំនួន​ច្រើន។ នៅ​ពេល​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កម្សាន្ត​ច្រើន វា​ក៏​នឹង​ជួយ​លើក​កម្ពស់​ជីវភាព​​ប្រជាជន​ និង​សេដ្ឋកិច្ច​ជាតិ​បាន​មួយ​ចំណែក​។

លោក​ប្រាប់​ទៀត “​ក្នុង​ជំនួប​ខាង​លើ​ភាគី​ចិន ​ក៏​បាន​បង្ហាញ​ពី​បំណង​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ​ពិចារណាពី​ការ​លើក​លែង​ Visa សម្រា​ប់​ប្រជាជន​ចិន​ទាំង​អស់ ឬយ៉ាង​ហោចណាស់​សម្រាប់​​ភ្ញៀវទេសចរ​​ដែល​មកកម្សាន្ត​នៅ​កម្ពុជា ​តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍ ខណៈ​​​បច្ចុប្បន្ន​មាន​ប្រទេស​ជា​ច្រើន ​លើ​ពិភពលោក​បាន​ធ្វើ​រួច​ហើយ”។

បើ​តាម​លោក ស៊ីណាន ក្រៅ​ពី​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​ពិភព​លោក​ ក៏​កំពុង​ចាប់​អារម្មណ៍​ចំពោះ​ភ្ញៀវ​ទេ​សចរ​ជន​ជាតិ​ឥណ្ឌាផងដែរ ព្រោះ​ឥណ្ឌា និង​ចិន សុទ្ធតែ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក​។

ជាមួយគ្នានេះ ប្រធាន​សមាគមទីភ្នាក់ងារទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីលីន បាន​និយាយ​ថា កំណើន​នៃ​ការ​តភ្ជាប់​ជើងហោះហើរ​រវាង​ទីក្រុង​នានា​ នៅ​ក្នុង​ប្រទេស​ចិនមក​កាន់​ប្រទេស​កម្ពុជា ដែល​មាន​ចាប់​តាំង​ពី​​ចុង​ឆ្នាំ​២០២៤ គឺ​ជា​សញ្ញា​បញ្ជាក់​ថាក្នុង​ឆ្នាំ​២០២៥ នេះ​កម្ពុជា​នឹ​ងទទួល​បាន​កំណើន​ភ្ញៀវ​ជន​ជាតិ​ចិន ​កាន់​តែ​ច្រើន​ ខណៈមុន​ពេល​មាន​វត្តមាន​ជំងឺកូវីដ​១៩ ភ្ញៀវ​ទេសចរចិនបានចូល​មក​ប្រទេស​កម្ពុជា​យ៉ាង​ច្រើន​។

លោក​ស្រីបញ្ជាក់ថា “​ប្រសិន​បើ​កម្ពុជា​អាច​​បង្កើន​បរិយាកាស​ឱ្យ​កាន់តែ​ប្រសើរ ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរបរទេស ជា​ពិសេស​ជន​ជាតិ​ចិន​ ឱ្យ​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ​បាន​ច្រើន​ដូច​មុន​ឆ្នាំ​ ២០២០ គឺ​ជា​ការ​ប្រសើរ​ណាស់”។ លោកស្រីបន្ថែមថា “ការ​កាត់បន្ថយ​នីតិវិធី និង​តម្លៃ​ទិដ្ឋាការ គឺ​ជា​ចំណែក​សំខាន់​មួយ ​ក្នុង​ការ​បង្កើន​ភាព​ទាក់​ទាញ​ភ្ញៀវ​ទេសចរបរទេស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here