ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញបានបង្ហាញសុទិដ្ឋិនិយម សម្រាប់ទីផ្សារអចលនទ្រព្យនៅដើមឆ្នាំ២០២៥នេះ។
អគ្គនាយកក្រុមហ៊ុនAdvance Realty លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា សម្រាប់ទីផ្សារនៅដើមឆ្នាំនេះ មានចំណុចខ្លះមានភាពប្រសើរជាងឆ្នាំ២០២៤ ប៉ុន្តែមានចំណុចខ្លះនៅតែមានសភាពដូចឆ្នាំមុន ដោយសារកំលាំងចលករពីខាងក្រៅ និងខាងក្នុងមិនទាន់មានការប្រែប្រួលជាដុំកំភួន។
-->
លោកបន្តថា “ទីផ្សារជួលអចលនទ្រព្យបែបពាណិជ្ជកម្មកើនឡើង ប៉ុន្តែសម្រាប់ទីផ្សារជួលលំនៅដ្ឋាន នៅមានសភាពយឺតយ៉ាវនៅឡើយ”។ លោកបន្តថា “សម្រាប់ទីផ្សារទិញលក់ មានសញ្ញាគួរឲ្យកត់សំគាល់ចំនួន៣ គឺលំនៅដ្ឋានតម្លៃសមរម្យ មានចំណុចវិជ្ជមានធៀបជាមួយឆ្នាំចាស់ ដោយសារគោលនយោបាយធំពីរ គឺការទម្លាក់អត្រាការប្រាក់ និងការលើកលែងពន្ឋពីរដ្ឋាភិបាល”។

លើសពីនេះ ប្រមុខរដ្ឋាភិបាលសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលើកលែងពន្ឋប្រថាប់ត្រា ចំពោះអ្នកទិញផ្ទះលើកដំបូង ដែលមានតម្លៃចាប់ពី២១ម៉ឺនដុល្លារចុះ។
ចំណែកលោកស៊ា ឆៃលីនអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារវាហាក់ដូចជាលឿនពេក ក្នុងការវិភាគពីរឿងនេះ ប៉ុន្តែយើងសង្កេតឃើញសញ្ញាមួយចំនួន ដោយអ្នកទិញលក់យកចំណេញបានបន្តធ្លាក់ចុះ តែការទិញសម្រាប់ប្រើប្រាស់នៅតែបន្តមាន។

លោកបន្តថា “ចំណុចវិជ្ជមាន គឺអ្នកដែលអាចតស៊ូបានរហូតមកទល់ពេលនេះ ពួកគាត់អាចទម្លាក់តម្លៃបន្ថែមទៀត ពិសេសការទម្លាក់អត្រាការប្រាក់ធ្លាក់ចុះ ពួកគេអាចទិញអចលនទ្រព្យ សម្រាប់ការទុកជួលបាន”។
លោកស៊ា ឆៃលីបបានបន្តថា អ្នកទិញផ្ទះឬអចលនទ្រព្យ ដែលអាចជួលបាន ពួកគេអាចមានឱកាសរកផលចំណេញ នៅក្នុងរយៈពេល៤ទៅ៥ឆ្នាំខាងមុខ៕
