ភ្នំពេញ៖ លោកឧកញ៉ា សៀ រិទ្ឋី អគ្គនាយកក្រុមហ៊ុន World Bridge Group ដែលបានវិនិយោគលើអាគារខុនដូ និងក្រុមហ៊ុនជាច្រើនទៀត បានបង្ហើបពីយុទ្ឋសាស្ត្រក្នុងការវិនិយោគលើដីធ្លី ដើម្បីទទួលបានផលចំណេញខ្ពស់។
លោកឧកញ៉ាបានថ្លែងឲ្យដឹងនៅពេលថ្មីៗនេះថា លោកបានចាប់ផ្តើមក្រុមហ៊ុនដំបូងជា ក្រុមហ៊ុនបែប Logistic ដែលបាននិងកំពុងបន្ត ប៉ុន្តែលោកទទួលបានជោគជ័យខ្លាំងលើវិស័យអចលនទ្រព្យ ពិសេសការវិនិយោគលើដីធ្លី ដែលធ្វើឲ្យលោកក្លាយជាអ្នកមានក្នុងវិស័យនេះ។ លោកបន្តថា ដើម្បីទិញដីធ្លីទទួលបានផលចំណេញខ្ពស់ ត្រូវឈរលើកត្តាចំនួនបី ទី១ វិនិយោគនៅតំបន់ដែលស្ថិតក្នុង ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ទី២ ត្រូវដឹងមុនគេ និងទិញមុនគំរោងអភិវឌ្ឍន៍ចាប់ផ្តើម ព្រោះបើទិញនៅតំបន់គេដឹងគ្រប់គ្នាហើយ យើងមិនទទួលបានផលចំណេញច្រើននោះទេ និងទី៣ ទិញដីដែលមិនមានបញ្ហា ព្រោះបើទិញកន្លែងមានបញ្ហា យើងនឹងមានរឿងឈឺក្បាលជាច្រើនត្រូវដោះស្រាយ។