ទីផ្សារអចលនទ្រព្យនៅប្រទេសសិង្ហបុរីរំពឹងមានស្ថិរភាពក្នុងឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនប្រកបដោយស្ថិរភាព នៅឆ្នាំ២០២៥នេះ ខណៈនិន្នាការសំខាន់ៗមួយចំនួននឹងជះឥទ្ធិពលលើទីផ្សារសម្រាប់អ្នកទិញ អ្នកលក់ និងអ្នកវិនិយោគ។
តម្លៃផ្ទះឯកជននៅសិង្ហបុរីត្រូវបានព្យាករណ៍ថា នឹងកើនឡើងចន្លោះពី៤ភាគរយទៅ៧ភាគរយក្នុងឆ្នាំ២០២៥ បើធៀបនឹងកំណើនចន្លោះពី២ភាគរយទៅ២,៥ភាគរយក្នុងឆ្នាំ២០២៤កន្លងទៅ។

និន្នាការនេះអាចបណ្តាលមកពីកំណើននៃតម្លៃផ្ទះសម្រាប់លក់បន្ត(Resale) ព្រមទាំងការកើនឡើងយ៉ាងរឹងមាំនៃតម្រូវការ និងការបង្កើនទំនុកចិត្តរបស់អ្នកទិញ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Orange Tee Group។

អ្នកអភិវឌ្ឍន៍នឹងជំរុញការផ្គត់ផ្គង់ផ្ទះថ្មីប្រមាណ២០.០០០យូនីតបន្ថែមទៀតនៅឆ្នាំនេះ ដើម្បីរួមចំណែកកាត់បន្ថយសម្ពាធនៅលើទីផ្សារបន្ទាប់បន្សំ(Secondary Market) ដែលមានន័យថា អ្នកទិញម្នាក់លក់ផ្ទះបន្តទៅឱ្យអ្នកទិញផ្សេងទៀត។

ការកើនឡើងនៃការផ្គត់ផ្គង់ផ្ទះថ្មីដោយផ្ទាល់ពីអ្នកអភិវឌ្ឍន៍នឹងជួយកាត់បន្ថយអតុល្យភាពនៃតម្រូវការក្នុងទីផ្សារ ដោយផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់អតិថិជន ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទិញផ្ទះប្រភេទ Resale ។

ដោយឡែក ទីផ្សារលំនៅដ្ឋានសម្រាប់ជួលបានឈានដល់ចំណុចរបត់យ៉ាងសំខាន់មួយ។ ការស្ទុះងើបឡើងវិញនៃតម្លៃជួលអាចបណ្តាលមកពីកំណើននៃតម្រូវការ ដោយសារអ្នកជួលជាច្រើនសម្រេចចិត្ដផ្លាស់ប្តូរចេញពីលំនៅដ្ឋានសាធារណៈ(HBD)ទៅកាន់លំនៅដ្ឋានឯកជន។

តម្លៃជួលត្រូវបានគេព្យាករណ៍ថា នឹងបន្តងើបឡើងវិញដល់ឆ្នាំ២០២៥នេះ ក្នុងអត្រាចន្លោះពី២ភាគរយទៅ៤ភាគរយ ដោយសារតែចំនួនផ្ទះជួលនៅមានកម្រិត និងទស្សនវិស័យការងារកាន់តែប្រសើរឡើង។

យោងតាមរបាយការណ៍ចុងក្រោយបង្អស់ ដែលចេញដោយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បង្ហាញថា កំណើនសេដ្ឋកិច្ចនឹងមានស្ថិរភាពឡើងវិញនៅឆ្នាំ២០២៥ ហើយទំនុកចិត្តរបស់អ្នកធុរកិច្ចនឹងនឹងងើបឡើងវិញ ដោយសារការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលធំៗនៅលើពិភពលោក។

ម៉្យាងវិញទៀត ទំនុកចិត្តរបស់អ្នកប្រើប្រាស់ក៏មានស្ថានភាពប្រសើរឡើងផងដែរ។កត្តាទាំងនេះត្រូវបានគេរំពឹងថា នឹងលើកកម្ពស់ការជួលបុគ្គលិកជាជនបរទេស ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ទីផ្សារលំនៅដ្ឋានសម្រាប់ជួលនៅសិង្ហបុរី៕ប្រភព: The Strait Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here